រាប់រយ​នាក់​​ត្រូវចាប់ខ្លួន​នៅ​បារាំង ​ក្រោយ​ប៉ូលិស​៤៥​នាក់​រងរបួស​ និង​រថយន្ត​ជាង​៥០០​គ្រឿង​ត្រូវ​ដុតបំផ្លាញ​ក្នុងកុបកម្មហិង្សា

រដ្ឋាភិបាល​បារាំង​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា មនុស្ស​រាប់រយ​នាក់​ទៀត​ត្រូវបាន​ចាប់ខ្លួន​នៅ​ក្នុង​កុបកម្ម​ដល់​យប់​ទី​ប្រាំ​បង្កឡើង​ដោយ​កំហឹង​សាធារណៈជន​ចំពោះ​ការសម្លាប់​ក្មេង​ជំទង់​អាយុ​១៧​ឆ្នាំ​ម្នាក់​ដោយ​ប៉ូលិស នៅ​ពេល​ប៉ូលិស​បន្ថែម​កម្លាំង​ទៅកាន់​បណ្តា​ទីក្រុង​ដែល​ជា​ចំណុច​ផ្ទុះ​ការប៉ះទង្គិច​នៅ​ទូទាំង​ប្រទេស​។​

​អ្នក​ប្រឆាំង​តវ៉ា ដែល​ភាគច្រើន​មាន​វ័យក្មេងៗ បាន​ដុត​រថយន្ត បំផ្លាញ​ហេដ្ឋារចនាសម្ពន្ធ​និង​ប៉ះ​ទង​្គិ​ច​ជាមួយ​ប៉ូលិស​ក្នុងពេល​ពួកគេ​បញ្ចេញ​កំហឹង​ចាប់​តាំង​ពី​ប៉ូលិស​ម្នាក់​បាញ់សម្លាប់​យុវជន ណា​អែន មីស្យឺ​(Nahel M.)​ក្នុង​ចម្ងាយ​ជិត​នៅពេល​ជន​នេះ​មិន​គោរព​ភ្លើង​ចរាចរណ៍​កាលពី​ថ្ងៃ​អង្គារ​។​

​ប៉ូលិស​៤៥​នាក់​រងរបួស រថយន្ត​៥៧៧​គ្រឿង​ត្រូវ​ដុតបំផ្លាញ អាគារ​៧៤​ក៏​ត្រូវ​ដុត​អោយ​ឆេះ​និង​អគ្គិភ័យ​៨៧១​កើតមាន​នៅ​លើ​ដង​វិថី​និង​ទីតាំង​សាធារណៈ​ផ្សេងៗ​។​ស្ថានីយ​ប៉ូលិស​ជាង​២០​ក៏​ត្រូវ​បាន​រង​ការវាយប្រហារ​ផងដែរ​។​

​ការសម្លាប់​ក្មេងនេះ​ត្រូវ​បាន​ថត​ជាប់​ក្នុង​វីដេអូ និង​ត្រូវបាន​ចែកចាយ​ក្នុង​បណ្តាញ​សង្គម​ជាហេតុ​នាំ​អោយ​បញ្ឆេះ​កំហឹង​ចំពោះ​អំពើហិង្សា​របស់​ប៉ូលិស​លើ​ក្រុម​ជន​ជាតិ​ភាគតិច ដែល​បង្ក​ជា​ភាព​តានតឹង​ខាង​ជាតិ​សាសន៍​នៅ​បារាំង​។​

​នៅ​មួយ​ថ្ងៃក្រោយ​ណា​អែន​ត្រូវ​បាន​បញ្ចុះ​នៅ​ទីប​ប្រជុំជន​កំណើត​ក្បែរ​ក្រុង​ប៉ារីស ក្រសួង​មហាផ្ទៃ​បារាំង​បាន​និយាយថា ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស​៧១៩​នាក់​ក្រោយ​ការចាប់ខ្លួន​ប្រមាណ​១.៣០០​នាក់​នៅ​យប់​មុន​នោះ​។​

ក្នុងពេល​ជាមួយគ្នា អភិបាល​ទីប្រជុំជន​មួយ​នៅ​ខាងត្បូង​ក្រុងប៉ារីស បាន​និយាយថា​ពួក​បាតុករ​បាន​បើ់ករថយន្ត​បុក​ចូល​ផ្ទុះ​របស់លោក ដោយ​បណ្តាល​អោយ​ភរិយា​និង​កូន​របស់​លោក​ម្នាក់​រង​របួស​និងដុតបំផ្លាញរថយន្ត។​

​ចំណែក​នាយករដ្ឋមន្ត្រី អេ​លីហ្សា​បេ​ត បន​(Elisabeth Borne)​បាន​ហៅ​ការវាយប្រហារ​នេះ​ថា​«​មិន​អាច​អត់​ឳ​ន​អោយបាន​»​នៅពេល​ក្រុម​រដ្ឋអាជ្ញា​ចាត់ទុក​វា​ជា​អំពើ​ប៉ង​ឃាតកម្ម​។​

សូមបញ្ជាក់​ថា ប៉ូលិស​ប្រមាណ​៤៥.០០០​នាក់​ត្រូវបាន​ដាក់ពង្រាយ​នៅ​ទូទាំង​បារាំង ហើយ​កម្លាំង​ជំនួយ​ត្រូវបាន​បញ្ជូនទៅ​កាន់​កន្លែង​ផ្ទុះការ​ប៉ះទង្គិ​ច​ខ្លាំង​រួម​មាន​ទីក្រុង​លី​យ៉ុង ក្រុងក្រូ​ណូបល៍​និង​ម៉ាសី​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close