ពលរដ្ឋ​ក្នុង​ខេត្តសៀមរាប ប្រគល់​វត្ថុ​បុរាណ​ចំនួន​៧៧ ជូន​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ

​សៀមរាប​៖ កាលពី​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០២៣​នេះ សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ បានទទួល​វត្ថុ​បុរាណ​ចំនួន​៧៧​បន្ថែមទៀត ដែល​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្តសៀមរាប បាន​ស្ម័គ្រចិត្ត​ប្រគល់ជូន​មកកាន់​សារមន្ទីរ ដើម្បី​ធ្វើការ​ថែរក្សា និង​អភិរក្ស​បន្ត​។ ដោយ​វត្ថុ​បុរាណ​ទាំង​៧៧​នោះ ខ្លះ​នៅ​រក្សាបាន​រូបរាង​ពេញ និង​ខ្លះទៀត​បាន​បែកបាក់​ជា​បំណែក មានដូចជា​៖ ឧបករណ៍ប្រើប្រាស់​ប្រចាំថ្ងៃ​របស់​ប្រជាជន​នា​សម័យបុរាណ មាន​កុលាលភាជន៍ ឧបករណ៍​សម្រាប់​ដាក់​ទឹក និង​ម្ហូបអាហារ​ផ្សេងៗ គ្រឿងអលង្ការ​ដូចជា​៖ កងដៃ និង​ឧបករណ៍ប្រើប្រាស់​ផ្សេងៗ​ទៀត​ដូចជា​៖ កាំបិត ពូថៅ និង​ចាន​ជាដើម​។​

លោក ណ​ក់ បូ​រុន ជា​អ្នក​ប្រកប​របរ​រកស៊ី​មួយរូប រស់នៅក្នុង​ខេត្តសៀមរាប បានឱ្យដឹងថា វត្ថុ​បុរាណ​មាន​ចំនួន​៧៧​នេះ វត្ថុ​ខ្លះ​លោក​បាន​ទិញ​បន្ត​ពី​ប្រជាពលរដ្ឋ និង​ខ្លះទៀត​ប្រជាពលរដ្ឋ​បានប្រគល់​ជូន​លោក​យកមក​រក្សាទុក​បន្ត ដែលមាន​ប្រភព​នៅក្នុង​ខេត្តសៀមរាប​ខ្លះ និង​មកពី​ខេត្តបន្ទាយមានជ័យ​ខ្លះ​។ ប៉ុន្តែ​លោក​មិនបាន​ដឹង​អំពី​អាយុកាល​នៃ​វត្ថុ​នីមួយៗ​ឡើយ ការរក្សា​ទុក​នេះ​ដោយ​យល់ថា វត្ថុ​ទាំងនោះ ជា​របស់​មានតម្លៃ​ពី​បុរាណ​គួរ​បន្ត​ថែរក្សា​។​

​លោក​បន្តថា ក្រោយ​ទទួលបាន​ព័ត៌មាន​ពី​មិត្ត​ភ័ក្ត្រ​របស់លោក​ថា សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ ទទួល​ថែរក្សា និង​អភិរក្ស​វត្ថុ​សិល្បៈ​ពី​បុរាណ មិនឱ្យ​បាត់បង់​នោះ លោក​ក៏​ស្ម័គ្រចិត្ត​ប្រគល់ជូន​មកកាន់​សារមន្ទីរ ដើម្បី​យកមក​ថែរក្សា​បន្ត ទុកជា​មរកត​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់​។ លោក ណ​ក់ បូ​រុន បញ្ជាក់ទៀតថា ក្រោយពេល​មកដល់​សារមន្ទីរ បានឃើញ​ការតាំង​បង្ហាញ​វត្ថុ​ពី​បុរាណ​ជាច្រើន​រាប់រយ​ប្រភេទ ត្រូវបាន​ថែរក្សា​យ៉ាង​ល្អប្រសើរ​បែបនេះ លោក​ពិតជា​សប្បាយរីករាយ និង​មាន​ភាពកក់ក្តៅ​យ៉ាងខ្លាំង ថែមទាំង​ជឿជាក់ថា ការប្រគល់​ជូន​វត្ថុ​ទាំងនោះ មក​សារមន្ទីរ​ដើម្បី​ថែរក្សា​បន្ត ពិត​ជាមាន​សុវត្ថិភាព​បំផុត​។​

​លោក ភួយ សា​វឿ​ត នាយក​ស្តីទី​នៃ​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ បានឱ្យដឹងថា វត្ថុ​សិល្បៈ​ដែល​ប្រជាពលរដ្ឋ​បានប្រគល់​មកកាន់​សារមន្ទីរ ភាគច្រើន​ជា​កុលាលភាជន៍ ប្រហែលជា​ឧបករណ៍​ដី​ដុត​នៅ​ក្នុងសម័យ​បុរេប្រវត្តិសាស្ត្រ និង​សម័យអង្គរ និង​ឧបករណ៍ ជា​ប្រភេទ​លោហៈ ភាគច្រើន​ជា​ឧបករណ៍ប្រើប្រាស់​។ ដោយ​ភាគច្រើន​នៃ​វត្ថុ​សិល្បៈ​ដែល​បានប្រគល់​ជូន​មាន​ច្រើនជាងគេ គឺ​កងដៃ ចំនួន​២៤​បំណែក និង​ពូថៅ​ចំនួន​១៨​បំណែក ប៉ុន្តែ​ក្រុម​អ្នកជំនាញ​ពុំទាន់​អាច​កំណត់​អាយុកាល នៃ​វ​ត្តុ​បុរាណ​ទាំងនោះ​ច្បាស់លាស់​នៅឡើយ​។​

​លោក​បន្តថា ក្រោយពេល​ទទួលបាន​វ​ត្ថុ​សិល្បៈ​ទាំងនោះ ក្រុម​អ្នកជំនាញ​នៃ​សារមន្ទីរ កំពុងធ្វើការ​ចុះបញ្ជី វាស់​ប្រវែង ថ្លឹង​ទំងន់ ទៅតាម​បែបបទ​ក្នុង​សារមន្ទីរ ទើប​ឈានទៅ​រក្សាទុក​ក្នុង​សីតុណ្ហភាព​ថេរ ដើម្បី​ការពារ​វត្ថុ​ទាំងនោះ ទើប​ចាប់ផ្តើម​ធ្វើការ​សម្អាត ដក​កំណ​ក់ដី និង​លាប​ដើម្បី​ការពារ​ស្រទាប់​ខាងក្រៅ​នៃ​លោហៈ​ទាំងនោះ​ពី​បរិយាកាស​ខាងក្រៅ រួច​ត​ភ្ជាប់​បំណែក​លោហៈ​ណា​ដែល​ពុកផុយ តាម​រូបរាង​ដើម​ឡើងវិញ តាម​ដែល​អាចធ្វើ​ទៅបាន​។​ ​នាពេល​អនាគត​សារមន្ទីរ គ្រោង​ធ្វើ​ការតាំង​បង្ហាញ​វត្ថុ​បុរាណ​ទាំងនោះ​ជូន​សាធារណជន​បាន​ទស្សនា និង​សិក្សា​ស្វែងយល់ ក្រោយពេល​អ្នកជំនាញ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​អំពី​ប្រវត្តិ​នៃ​វត្ថុ​បុរាណ​ទាំង​៧៧​នេះ​រួចរាល់​។​

​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ រីករាយ​ស្វាគមន៍ ការប្រគល់​ជូន​វត្ថុ​បុរាណ​ផ្សេងៗ ដែល​ប្រជាពលរដ្ឋ​បាន​រកឃើញ​ឬ​រក្សាទុក​នៅផ្ទះ បាន​ស្ម័គ្រចិត្ត​ប្រគល់​វត្ថុ​បុរាណ​ឬ​វត្ថុ​សិល្បៈ​នានា​មកកាន់​សារមន្ទីរ ដើម្បី​យកមក​ថែទាំ និង​អភិរក្ស​បន្ត សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់ និង​សិក្សា​ស្រាវជ្រាវ ព្រោះថា​សារមន្ទីរ​ជា​កន្លែង​ដែល​អាច​រក្សា​វត្ថុ​ទាំងនោះ​ប្រកបដោយ​សុវត្ថិភាព​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close