ក្រសួងការបរទេស ប្រកាសបណ្តេញសមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យ នៃក្រុមហ៊ុន Meta ២២រូប ចេញពីកម្ពុជា ក្នុងរយៈពេល៤៨ម៉ោង
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចប្រកាសបណ្តេញសមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យ នៃក្រុមហ៊ុន Meta Platforms Inc. ចំនួន២២នាក់ចេញពីកម្ពុជា ដោយទុករយៈពេលត្រឹម៤៨ម៉ោង។
យោងតាមសេចក្តីប្រកាសព័ត៌មាន នៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រសួងការបរទេសបានលើកឡើងថា អនុសាសន៍របស់ក្រុមប្រឹក្សាភិបាល ត្រួតពិនិត្យនៃក្រុមហ៊ុន Meta Platforms Inc. ឱ្យផ្អាកជាបណ្ដោះអាសន្ន ចំពោះគណនី Facebook ផ្លូវការរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺមានលក្ខណៈនយោបាយ។ អនុសាសន៍នេះមានចេតនារារាំង សេរីភាពសារព័ត៌មានរបស់ប្រជាពលរដ្ឋកម្ពុជា និងសិទ្ធិរបស់ប្រជាពលរដ្ឋ ក្នុងការទទួលបានព័ត៌មានពិត ពីថ្នាក់ដឹកនាំដែលពួកគេគាំទ្រ និងពេញចិត្ត។
ក្នុងស្មារតីនៃការអនុវត្តយ៉ាងម៉ឹងម៉ាត់ ចំពោះការប្រកាន់ខ្ជាប់នូវគោលការណ៍អធិបតេយ្យភាព និងដើម្បីទប់ស្កាត់ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង របស់ប្រទេសកម្ពុជា រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចប្រកាសសមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta Plat forms Inc. ជាបុគ្គលដែលមិនអាចទទួលយកបាន (PER SONA NON GRATA)។
ក្រសួងការបរទេសបានរាយនាមបុគ្គលជាបុគ្គលិកក្រុមហ៊ុន Meta ទាំង២២រូប ដោយបញ្ជាក់ថា ពួកគេត្រូវបានហាមឃាត់មិនឱ្យចូល ឬមានវត្តមាននៅ ក្នុងព្រះរាជាណាចក្រកម្ពុជា។ ហើយពួកគេ ត្រូវចាកចេញពីទឹកដីកម្ពុជា ក្នុងរយៈពេល ៤៨ម៉ោងគិតចាប់ពីកាលបរិច្ឆេទចេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។