អតីតប្ដីដើមចាក់សម្លាប់ប្ដីក្រោយនិងប្រពន្ធ រូមទាំងម្ដាយក្មេកផ្អើលពេញហាងស៊ុប
ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងហាងស៊ុបមួយកន្លែងស្ថិតក្នុងខណ្ឌចំការមន កាលពីវេលាម៉ោងជាង៧យប់ ថ្ងៃទី២៤ ខែធ្នូ បន្ទាប់ពីមានបុរសម្នាក់ដែលគេស្គាល់ថាជាអតីតប្ដីដើមរបស់ស្ត្រីរងគ្រោះ បានធ្វើសកម្មភាពចាក់សម្លាប់ប្ដីក្រោយជាជនជាតិចិនជាច្រើនកាំបិតស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ចំណែកស្ដ្រីជាប្រពន្ធនិងម្ដាយក្មេករងរបួសធ្ងន់។
លោក ហៀង ណារ៉េត អធិការរងនគរបាលខណ្ឌចំការមន បានឲ្យដឹងដែរថា បុរសដៃដល់ដែលធ្វេីសកម្មភាពចាក់ទៅលេីមនុស្ស៣នាក់ បណ្ដាលឲ្យស្លាប់និងរងរបួសខាងលេីនោះ គឺជាអតីតប្ដីរបស់នារីរងគ្រោះ ដែលគេស្គាល់ថាជាមន្ត្រីយោធា និងមិនទាន់ដឹងថា ជាករណីអ្វីនោះទេ ព្រោះកម្លាំងលោកកំពុងធ្វេីការស្រាវជ្រាវ។
បេីតាមការរៀបរាប់ពីសន្តិសុខយាមម៉ូតូមុខហាង បានរៀបរាប់ថា នៅមុនពេលកើតហេតុ នៅមុនពេលកើតហេតុគេបានឃើញនារីរងគ្រោះ (ជាប្រពន្ធ) និងក្រុមគ្រួសារ (មានកូន២នាក់ និងស្ត្រីម្នាក់ទៀតជាម្ដាយ) បានជិះរថយន្ត Highlander មួយគ្រឿងមកហាងកេីតហេតុខាងលើ លុះមួយសន្ទុះក្រោយមក ក៏មានបុរសជនជាតិចិនដែលជាប្ដីក្រោយ បានជិះកង់មួយគ្រឿងមកតាមក្រោយ និងបាននាំគ្នាហៅស៊ុបហូបជុំគ្នា។
មួយសន្ទុះក្រោយមកស្រាប់តែលេចមុខជនដៃដល់ជិះម៉ូតូមួយគ្រឿង ម៉ាក PCX មិនចាំស្លាកលេខ កាត់មុខហាងមួយជុំ រួចទើបជិះយកម៉ូតូទៅទុកនៅខាងក្រោយរថយន្តដែលគេចតចោលនៅក្បែរហាងខាងលើ រួចដើរចូលទៅក្នុងហាង។
ស្របពេលនោះដែលក្រុមនារីរត់តុក៏បាន សាកសួររកថា អញ្ជេីញពិសារអ្វីដែរ តែបុរសដៃដល់ មិនឆ្លេីយតបនោះទេ បែរជាប្រញ៉ាប់ដេីរសំដៅទៅរកបុរសជនជាតិចិន ដែលកំពុងអង្គុយហូបស៊ុបជាមួយប្រពន្ធនិងកូនរួមទាំងម្ដាយក្មេក រួចធ្វេីសកម្មភាពដកកាំបិតដែលទុកនៅក្នុងកាបូបស្ពាយនោះ ចាក់ទៅលេីជនជាតិចិននោះ ជាច្រេីនកាំបិត បណ្ដាលឲ្យរងរបួសធ្ងន់ ហូរឈាមពេញហាង ចំណែកឯនារីជាប្រពន្ធនិងស្ត្រីជាម្ដាយក៏ត្រូវបានបុរសជាប្ដីនោះ ចាក់ជាច្រើនកាំបិតបណ្ដាលឲ្យរបួសធ្ងន់ទាំង២នាក់ផងដែរ។
ក្រោយពីធ្វេីសកម្មភាពចាក់ទៅលេីមនុស្ស៣នាក់ខាងលើបណ្ដាលឲ្យរងរបួសធ្ងន់ហេីយ ជនដៃដល់បានដេីរចេញពីហាងឡើងជិះម៉ូតូគេចខ្លួនបាត់។ បន្ទាប់មកស្ត្រីជាប្រពន្ធនិងស្ត្រីជាម្ដាយដែលរងរបួសត្រូវបានដឹកតាមម៉ូតូទៅសង្គ្រោះភ្លាមៗនៅឯគ្លីនិកឯកជនទំនេីប ចំណែកឯបុរសជនជាតិចិនត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរុស្សី តែជាអកុសល់បុរសជនជាតិចិនបានដាច់ខ្យល់ស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។