ឆមាសទី១! កម្ពុជា នាំចេញកសិផល រកចំណូលបាន ២.៤ពាន់លានដុល្លារ
ភ្នំពេញ៖ របាយការណ៍របស់ក្រសួងកសិកម្មបានឱ្យដឹងថា នៅឆមាសទី១ ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានចំណូល ២.៤ពាន់លានដុល្លារ ពីការនាំចេញកសិផលទៅកាន់ប្រទេសចំនួន៦៧ ធ្លាក់ចុះ២២.៥២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២។
របាយការណ៍បញ្ជាក់ដូច្នេះថា «ក្នុងឆមាសទី១ឆ្នាំ២០២៣ កម្ពុជាទទួលបានចំណូលចំនួន២ ៤០១ ៦៩២ ២៦៤.៨២ដុល្លារ ធ្លាក់ចុះ២២.៥២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ក្នុងនោះតម្លៃពីការនាំចេញអង្ករមានចំនួន ២៨១ ៨៣៦ ២១៥ដុល្លារ, ការនាំចេញស្រូវមានចំនួន៤៤៧ ២០៧ ៧១៤ដុល្លារ និងតម្លៃការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន១ ៦៧២ ៦៤៨ ៣៣៥.៨២ដុល្លារ»។
ក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ ការនាំចេញកសិផលទៅក្រៅប្រទេស ដែលផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ មានបរិមាណសរុប ៣ ៩០១ ២១៣.៧៧តោន ក្នុងនោះអង្ករចំនួន ៣២៩ ៦៣៣តោន ស្រូវចំនួន ១ ២២៦ ៤០០តោន និងកសិផលក្រៅពីស្រូវ-អង្ករចំនួន ២ ៣៤៥ ១៨០.៧៧តោន ទៅកាន់ទិសដៅ ៦៧ប្រទេស។
សម្រាប់មូលហេតុដែលការនាំចេញកសិផលក្នុងឆមាសទី១ ឆ្នាំ២០២៣ មានការថយចុះចំនួន ២២.៥២ភាគរយនេះដោយសារតែ៖
១៖ វិបត្តិសេដ្ឋកិច្ចសកលលោក បណ្ដាលឱ្យការបញ្ជាទិញទំនិញគ្រប់ប្រភេទថយចុះ និងបង្អាក់ចរន្តពាណិជ្ជកម្ម។
២៖ កំណើននៃការស្រូបទាញយកវត្ថុធាតុដើមក្នុងស្រុក ដើម្បីផលិតចំណីសត្វ និងការកែច្នៃក្នុងប្រទេសបណ្ដាលឱ្យមានកំណើននៃ ការស្រូបយកផលិតផលស្រស់មកកែច្នៃ។
៣៖ ផលិតកម្មដំណាំមួយចំនួនមានការថយចុះ ដោយសារស្ថានភាពមិនច្បាស់លាស់ខាងទីផ្សារ និងបញ្ហាបម្រែបម្រួលអាកាសធាតុ នាំឱ្យប៉ះពាល់ដល់ទិន្នផល និងគុណភាពនៃដំណាំ។
៤៖ ការនាំចេញដោយគ្មានការស្នើសុំវិញ្ញាបនបត្រភូតគាមអនាម័យ (ការនាំចេញក្រៅផ្លូវការ) តាមច្រករបៀងទៅកាន់ប្រទេសវៀតណាម និងប្រទេសថៃមួយចំនួនមិនមានការកត់ត្រា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។