អ្នកស្លាប់​កើន​ដល់ ៣៩​នាក់ ក្នុង​គ្រោះទឹកជំនន់​នៅ​កូរ៉េខាងត្បូង

​សេ​អ៊ូ​ល​៖ ប្រធានាធិបតី​កូរ៉េខាងត្បូង លោក យូ​ន ស៊ុ​ក​យុល (Yoon Suk Yeol) នៅ​ថ្ងៃ​ចន្ទ​នេះ បាន​បញ្ជា​ឱ្យ​ក្រុមមន្ត្រី​របស់លោក​ទាំងអស់​ប្រឹងប្រែង​ឱ្យអស់​លទ្ធភាព តាម ដែល​អាចធ្វើ​ទៅបាន ដើម្បី​ដោះស្រាយ​ការបំផ្លិចបំផ្លាញ​ដែល​បង្កឡើង​ភ្លៀង​ធ្លាក់​ខ្លាំង​ជាច្រើន​ថ្ងៃ​កន្លងមកនេះ ខណៈ​ចំនួន​អ្នកស្លាប់​នៅក្នុង​គ្រោះទឹកជំនន់ និង​ការ​រអិល​បាក់​ដី បាន​កើន​ដល់ ៣៩​នាក់​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​ចន្ទ ទី​១៧ ខែកក្កដា ឆ្នាំ​២០២៣​។​

​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​វាយប្រហារ​លើ​តំបន់​ភាគ​កណ្ដាល និង​ភាគខាងត្បូង​នៃ​ប្រទេស​កូរ៉េខាងត្បូង ចាប់តាំងពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​មកម្ល៉េះ ក្នុងពេល​រដូវភ្លៀង​ដែល​ចាប់ផ្ដើម កាលពី​ចុងខែ​មិថុនា បាន​ឈានដល់​ចំណុចកំពូល​។ ក្រៅតែពី​អ្នកស្លាប់ ក្រសួងមហាផ្ទៃ​កូរ៉េខាងត្បូង​ក៏បាន​រាយការណ៍​ដែរ​ថា​មាន​មនុស្ស​៩​នាក់​បាត់​ខ្លួន និង​៣៤​នាក់ បាន​រងរបួស​។​

​ដោយឡែក នៅក្នុង​ចំណោម​អ្នកស្លាប់ មាន​សាកសព​មនុស្ស​១២​នាក់ ត្រូវបាន​គេ​ប្រទះឃើញ​នៅឯ​ផ្លូវ​ក្រោម​ដី​មួយកន្លែង​ដែល​ត្រូវបាន​ទឹកជំនន់​ជន់​លិច នៅក្នុង​ទីក្រុង ឆុង​ជូ (Cheongju) ស្ថិតនៅ​ភាគ​កណ្ដាល​នៃ​ប្រទេស​កូរ៉េខាងត្បូង ជាទី​ដែល​រថយន្ដ​១៦​គ្រឿង ក្នុងនោះ​មាន​រថយន្ដក្រុង​មួយគ្រឿង​ត្រូវបាន​ជន់​លិច​កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍ កន្លងទៅ​។​

​គួរ​បញ្ជាក់ថា នៅក្នុង​កិច្ចប្រជុំ​បន្ទាន់​មួយថ្ងៃ​ចន្ទ​នេះ លោក យូ​ន ស៊ុ​ក​យុល​បាន​បង្គាប់​ឱ្យ​អាជ្ញាធរ​កូរ៉េខាងត្បូង បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ផ្ដល់ជំនួយ​ដល់​ជនរងគ្រោះ និង​សន្យា ថា​នឹង​ស្ដារ​ការខូចខាត​ឡើងវិញ ក្នុងនោះ​រួមមាន​ទាំង​ការចាត់ទុក​តំបន់​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ ជា​តំបន់​ដែល​នឹង​ត្រូវបាន​យកចិត្តទុកដាក់​ជាពិសេស​៕​

ប្រភព៖ Fresh News

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close