ព្រះមហាក្សត្រ​កម្ពុជា អំពាវនាវ​ជនរួមជាតិ​ទាំងអស់ សូម​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ថ្ងៃ​២៣ ខែកក្កដា

​ភ្នំពេញ​៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ខ្មែរ ព្រះរាជ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៧ នា​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៣​ខាងមុខនេះ ឱ្យបាន​គ្រប់គ្នា ជ្រើសរើស​អ្នកដឹកនាំ​ជាតិ ដើម្បី​ការអភិវឌ្ឍ និង​រីកចម្រើន​រុងរឿង​ថ្កើងថ្កាន​លើ​គ្រប់​វិស័យ​។​

​ក្នុង​ព្រះរាជសារ​ផ្ញើជូន​ជនរួមជាតិ ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង មាន​ព្រះរាជបន្ទូល​ថា ការបោះឆ្នោត​ថ្ងៃទី​២៣ ខែកក្កដា គឺជា​ការបោះឆ្នោត​ជាទូទៅ ជាស​កល ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ ស្មើភាព និង​ដោយ​សម្ងាត់ ស្របតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស​។​

​ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង មាន​រាជបន្ទូល​អំពាវនាវ​យ៉ាង​ដូច្នេះ «​សូមកុំ​មានការ​ព្រួយបារម្ភ​ពី​ការគាបសង្កត់ ការគំរាមកំហែង ឬ​សម្លុត​ពី​ជនណាម្នាក់ ឬ​គណបក្ស​ណាមួយ​ឱ្យសោះ​។ សូម​ជនរួមជាតិ​ទាំងអស់ មេត្តា​ប្រើ​សិទ្ធិសេរីភាព​បោះឆ្នោត​ទៅតាម​សតិសម្បជញ្ញៈ របស់ខ្លួន​ម្នាក់ៗ ដែលមាន​ទំនុកចិត្ត​ទៅលើ​បេក្ខជន​ណា​ម្នាក់ គណបក្សនយោបាយ​ណាមួយ​ដោយ​សេរី​»៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close