អ្នកស្លាប់​កើន​ដល់​៤៤​នាក់ ក្នុងការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត ក្នុង​ពិធី​ជួបជុំ​គណបក្សនយោបាយ​នៅ​ប៉ា​គី​ស្ថាន

​ប៉ូលិស និង​ក្រុម​ជួយសង្គ្រោះ បាន​ឲ្យ​ដឹងថា យ៉ាងហោច​មនុស្ស ៤៤​នាក់​បាន​ស្លាប់ និង​រងរបួស​ជិត ២០០​នាក់ ដោយ​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត ក្នុង ពិធី​ជួបជុំ​របស់​គណបក្សនយោបាយ​មួយ ក្នុង​ខេត្ត​ខាយ​បឺ ប៉ាក​ទុន​វ៉ា (Khyber Pakhtunkhwa) ស្ថិតនៅ​ភាគ​ពាយ័ព្យ​ប្រទេស​ប៉ា​គី​ស្ថាន កាលពី​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍ កន្លងទៅនេះ​។ នេះ​បើ​យោងតាម​ការដក​ផ្សាយ​ពី​ទីភ្នាក់ងារសារព័ត៌មាន AFP នៅ​ថ្ងៃ​ចន្ទ ទី​៣១ ខែកក្កដា ឆ្នាំ​២០២៣​។​

​ការ​បំផ្ទុះ​គ្រាប់បែក​នេះ​បាន​កើតឡើង​អំឡុងពេល​ជួបជុំ​របស់​គណបក្ស​អភិរក្សនិយម (JUI-F) នៅក្នុង​អតីត​តំបន់​កុលសម្ព័ន្ធ​បា​ចា​អួរ (Bajaur) ដែលមាន​ព្រំប្រទល់​ជាប់ ប្រទេស​អា​ហ្វ​ហ្កា​នី​ស្ថាន​។ មន្ត្រីប៉ូលិស​ស្រុក បាន​និយាយថា ការប្រកាស​ភាពអាសន្ន​បាន​ធ្វើឡើង​នៅក្នុង​មន្ទីរពេទ្យ​នៃ​តំបន់ Bajaur និង​តំបន់​ជាប់​គ្នា​នោះ​។ ចំណែក អ្នករងរបួស​ធ្ងន់​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ក្នុង​ខេត្ត​ប៉េ​សាវ៉ា (Peshawar) តាមរយៈ​ឧទ្ធម្ភាគចក្រ​យោធា​។ មនុស្ស​ជិត ២០០​នាក់​បាន​រងរបួស ដែល​ភាគច្រើន របួសធ្ងន់​។ បើតាម​ក្រុម​សង្គ្រោះ អ្នកស្លាប់​មាន​ចំនួន ៤៤​នាក់​។​

​គួរ​បញ្ជាក់ថា ការកំណត់​គោលដៅ​វាយប្រហារ​លើ​គណបក្ស JUI-F ដែលជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​នៃ​រដ្ឋាភិបាលចម្រុះ​របស់​នាយករដ្ឋមន្ត្រី លោក សេ​ហ៍​បាស់ សារី​ហ្វ (Shehbaz Sharif) កើតឡើង​នៅ​គ្រា​ដែល​ប៉ា​គី​ស្ថាន កំពុង​រៀបចំ​ការបោះឆ្នោត​ជាតិ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ខែវិច្ឆិកា ខាងមុខ​។ លោក សារី​ហ្វ បានប្រកាស​ថ្កោលទោស ការ​បំផ្ទុះ​នេះ ដោយ​ចាត់ទុកថា​ជាការ​វាយប្រហារ​លើ​ដំណើរការ​ប្រជាធិបតេយ្យ​របស់​ប៉ា​គី​ស្ថាន ហើយ​ប្ដេជ្ញា​ដាក់ទោស​លើ​ទទួលខុសត្រូវ​ចំពោះ​ហេតុការណ៍​នេះ​៕​

ប្រភព៖ Fresh News

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close