ព្យុះ​ទី​ហ្វុ​ង Khanun ឆក់យក​ជីវិត​បុរស​ម្នាក់ នៅ​កោះ Okinawa របស់​ជប៉ុន​

​តូ​ក្យូ​៖ ខ្យល់​ខ្លាំង​បាន​កាត់ផ្តាច់​ចរន្តអគ្គិសនី​សម្រាប់​ពលរដ្ឋ​ជាង ២០០,០០០​គ្រួសារ នៅ​តំបន់​ទេសចរណ៍​ដ៏​ពេញនិយម គឺ​ប្រជុំ​កោះ​អូ​គី​ណា​វ៉ា នៅ​ព្រឹក ថ្ងៃ​ពុធ​នេះ (​ម៉ោង​ក្នុង​តំបន់​) ខណៈ​ព្យុះ​ទី​ហ្វុ​ង​ខា​នុ​ន (Khanun) បោកបក់​ទៅ​ក្បែរ​កោះ​ភាគ​និរតី​របស់​ប្រទេស​ជប៉ុន​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅ​ថ្ងៃ​ពុធ ទី​២ ខែសីហា ឆ្នាំ​២០២៣​។​

​គិត​មកទល់ពេលនេះ មាន​អ្នកស្លាប់​ម្នាក់ និង​របួស ១១​នាក់​ហើយ​។ ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន បាន​រាយការណ៍​ថា មនុស្ស​ជិត ៧០០,០០០​នាក់​នៅក្នុង​តំបន់ កោះ​អូ​គី​ណា​វ៉ា ស្ថិត​ភាគ​និរតី​នៃ​រដ្ឋធានី​តូ​ក្យូ ត្រូវបាន​ណែនាំ​ឲ្យ​ជម្លៀសចេញ ដោយ​ព្យុះ​នេះ​បាន​ផ្លាស់​ទី​ទៅ​ភាគ​ពាយព្យ​ក្នុង​ល្បឿន ១០​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង​។​

Okinawa Electric Power ដែលជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​អគ្គិសនី​ក្នុង​តំបន់ បាន​ឲ្យ​ដឹងថា គ្រួសារ​ចំនួន ២១២,៥៣០ ឬ​ប្រហែល ៣៤​ភាគរយ​នៃ​ផ្ទះ​ទាំងអស់ នៅលើ​កោះ​អូ​គី​ណា​វ៉ា បាន​ជួបប្រទះ​នឹង​ការ​ដាច់​ចរន្តអគ្គិសនី គិត​ត្រឹម​ម៉ោង ១០ និង​៥៥​នាទី​ព្រឹក ខណៈ​ការផ្គត់ផ្គង់​ថាមពល​មានការ​ថយចុះ​សម្រាប់​ផ្ទះ​ចំនួន ១០,០៣០​ខ្នង នៃ​កោះ​អា​ម៉ា​មី (Amami) ក្នុង​ខេត្ត​ខា​ហ្កោ​ស៉ី​ម៉ា (Kagoshima) ភាគ​ខាងជើង​នៃ​កោះ​អូ​គី​ណា​វ៉ា​។ រីឯ អាកាសយានដ្ឋាន​ទីក្រុង​ណា​ហា ក៏ត្រូវ​បាន​បិទ​ទាំងស្រុង​នៅ​ថ្ងៃ​ពុធ​នេះ សម្រាប់​ថ្ងៃទី​ពីរ​។ ជើងហោះហើរ​សរុប​ចំនួន ៩៥១ ត្រូវបាន​លុបចោល​កាលពី​ថ្ងៃ​អង្គារ និង​ថ្ងៃ​ពុធ ហើយ​ខ្សែ​រត់​ស្រឡាង ចំនួន​៣៥ ត្រូវ​ផ្អាក​ប្រតិបត្តិការ​។​

​គួរ​បញ្ជាក់ថា ព្យុះ​ទី​ហ្វុ​ង Khanun កំពុង​វាយលុក​ប្រទេស​ជប៉ុន ក្នុង​រដូវ​កាល​ទេសចរណ៍​ដ៏​មមាញឹក​នៃ​រដូវក្តៅ ដែល​ឆ្នាំនេះ​ចំនួន​អ្នក​ទៅ​កម្សាន្ត​បាន និង​កំពុង ត្រឡប់​ទៅ​កម្រិត​មុនពេល​មាន​ជំងឺ​កូ​វីដ ១៩​។ ប្រជុំ​កោះ​អូ​គី​ណា​វ៉ា តែងតែ​ទទួលរង​នូវ​ឥទ្ធិពល​ដោយ​ព្យុះ​ទី​ហ្វុ​ង​ជា​ញឹកញាប់ ជាពិសេស​នៅក្នុង​រដូវ​នេះ​តែម្ដង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close