គ្មាន​ខ្យល់​អុកស៊ីសែន​! ស្លាប់​បុរស​២​នាក់ ពេល​ចុះ​ស៊ីឈ្នួល​ស្តារ​អណ្ដូងទឹក នៅ​ស្រុក​ស៊ីធរ​កណ្ដាល

​ព្រៃវែង​៖ អ្នកស៊ីឈ្នួល​ជីក​អណ្ដូងទឹក​២​នាក់ បាន​ស្លាប់​ក្នុង​អណ្ដូង​យ៉ាង​អាណោច​អាធ​ម ខណៈ​ចុះ​ស្ដារ និង​ដាក់លូរ​អណ្ដូង ហើយ​គ្មាន​ខ្យល់​អុកស៊ីសែន​។ ករណីនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៨៖០០​នាទី​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០២៣ នៅ​ចំណុច​វាលស្រែ​ខាងលិច ភូមិ​ស្គា​ក្តី​ចម្ងាយ​១៧០០​ម៉ែត្រ ស្ថិតនៅ​ក្នុងភូមិ​ស្គា​ក្តី ឃុំ​ព្នៅ​ទី​២ ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង​។​

​អធិការនគរបាល​ស្រុក​ស៊ីធរ​កណ្ដាល បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំង​២​នាក់ ទី​១៖ ឈ្មោះ ជ្រឿ​ន ដេ​ន អាយុ​៤៣​ឆ្នាំ និង​ទី​២៖ ឈ្មោះ ធន់ សា​រ៉េ​ន អាយុ​៥៤​ឆ្នាំ ជនរងគ្រោះ​ទាំងពីរ​នាក់​នេះ មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ​។​

​លោក​អធិការនគរបាល​ស្រុក បាន​ឲ្យ​ដឹង​ទៀតថា នៅ​មុនពេល​កើតហេតុ ម្ចាស់​អណ្ដូង​ទឹកបាន​ជួល​ជនរងគ្រោះ​ទាំង​២​នាក់ មក​ស្ដារអណ្ដូង និង​ដាក់លូ​បន្ថែម ដោយ​អណ្ដូង​មាន​លូ​១០​កង់​រួចហើយ និង​ដាក់​ថែម​លូ​៣​កង់​ទៀត ដើម្បី​ឲ្យ​ចេញ​ទឹក​។​

​លោក​បាន​បន្តទៀតថា ខណៈដែល​ជនរងគ្រោះ​ទាំង​២​នាក់ បាន​ចុះទៅ​ក្នុង​អណ្ដូង​បាត់​យូរ រហូតដល់​ម៉ោង ៩៖០០​យប់​ថ្ងៃ​ដដែល ទើប​ក្រុមគ្រួសារ​ទៅរក​មើល ក៏​ឃើញ​ដេកស្លាប់​ក្នុង​អណ្ដូង​បាត់ទៅហើយ​។​

​លោក​អធិការ​បាន​បន្តថា ចំពោះ​ករណីនេះ តាម​សមត្ថកិច្ច​ជំនាញ​បាន​សន្និដ្ឋានថា បណ្ដាលមកពី​ជនរងគ្រោះ​ទាំង​២​នាក់ ចុះ​អណ្ដូង​ដែលមាន​ជម្រៅ​ជ្រៅ ហើយ​គ្មាន​ខ្យល់​អុកស៊ីសែន ទើប​បណ្ដាល​ឲ្យ​ស្លាប់​បែបនេះ​។​ ​បច្ចុប្បន្ន សាកសព​បានប្រគល់ ឲ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

ប្រភព៖ Fresh News

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close