អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ជួសជុល​ខ្លោងទ្វារ​ខាងជើង នៅ​រួត​ទី​២ ប្រាសាទមេបុណ្យខាងកើត​

​ក្រុម​អ្នកបច្ចេកទេស​របស់​នា​យក​ដ្ឋា​ន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​មមារ​ញឹក​ជួសជុល​ខ្លោងទ្វារ​ខាងជើង​នៅ​រួត​ទី​២​នៃ​ប្រាសាទមេបុណ្យខាងកើត ដែល​កំពុងមាន​សភាព​ទ្រុឌទ្រោម​ខ្លាំង​។​

​លោក សូរ ប៉ោត ជា​បុរាណ​វិទូ និង​ជា​ស្ថាបត្យករ នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា មានប្រសាសន៍ថា ដោយសារ​កត្តា​អាយុកាល​ធ្វើឱ្យ​រចនា​សម្ពន្ធ​ឥដ្ឋ​ផ្នែក​ខ្លះ​នៃ​ខ្លោងទ្វារ​ខាងជើង​នៅ​រួត​ទី​២​នៃ​ប្រាសាទមេបុណ្យខាងកើត​ប្រឈម​នឹង​បញ្ហា​ជ្រុះ​ធ្លាក់ និង​ដួលរលំ​។ ដោយ​មើលឃើញ​នូវ​ស្ថានភាព​បែបនេះ អាជ្ញាធរ​ជាតិ​អប្សរា បាន​ទល់​ទ្រ​ជញ្ជាំង​ឥដ្ឋ​ដែល​នៅ​សេសសល់​សងខាង ដើម្បី​ទប់​លំនឹង​នៃ​តួ​ខ្លោងទ្វារ​ទាំងមូល ដែល​កំពុង​តែមាន​សភា​ព​ស្រុត​ផ្អៀង​ខ្លាំង​ប្រឈម​នឹង​ការដួលរលំ ព្រមទាំង​បិទ​បាយអ​បំពេញ​តាម​ចន្លោះ​ស្នាម​ឥដ្ឋ​ប្រេះ​បែក​និង​ញែក​ចេញពី​គ្នា ដើម្បី​ការពារ​ទឹក​កុំឱ្យ​ជ្រាបចូល​បន្តទៀត​។​

​លោក​លោក សូរ ប៉ោត ឱ្យដឹងទៀតថា កត្តា​ដែល​ធ្វើឱ្យ​ខ្លោងទ្វារ​នេះ​ខូចខាត​ខ្លាំង គឺ​ដោយសារ​ទឹកភ្លៀង​ជ្រាបចូល​។ បញ្ហា​សំណើម​ក៏​ធ្វើឱ្យ​ជញ្ជាំង​ពុកផុយ​ខ្លាំង និង​រុក្ខជាតិ​ដែល​ដុះ​នៅ​ពីលើ​ក៏​ធ្វើឱ្យ​គ្រឹះ​ស្រុត​បណ្តាលឱ្យមាន​ស្នាម​ប្រេះ​តូចធំ​ជាច្រើន​កន្លែង និង​ផ្នែក​ខ្លះ​មាន​ឫស​ឈើ​ចាក់​ចូល​ជញ្ជាំង​បណ្តាលឱ្យ​ស្នាម​ប្រេះ​កាន់តែ​រីកធំឡើង​។​

​ក្នុងពេលដែល​ខ្លោងទ្វារ​ខាងកើត​របស់​ប្រាសាទមេបុណ្យខាងកើត​កំពុងមាន​ហានិភ័យ​នៃ​តួ​ប៉ម​នេះ ក្រុមការងារ​បច្ចេកទេស​របស់​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​សម្រង់​ប្លង់ កំណត់សម្គាល់​ទីតាំង​ដែលមាន​ហានិភ័យ និង​ពង្រឹង​គ្រឹះ គ្រឹប​ខ្សែកាប ធ្វើ​រន្ទា​ខាងក្នុង​ដើម្បី​ជួយ​អប​លំនឹង​។ មកដល់ពេលនេះ ការសង្គ្រោះ​ពង្រឹង​ខ្លោងទ្វារ​ខាងជើង​របស់​ប្រាសាទមេបុណ្យខាងកើត​សម្រេចបាន​៥០​ភាគរយ​ហើយ​។

​សូមបញ្ជាក់ថា គម្រោង​ជួសជុល​ខ្លោងទ្វារ​ខាងជើង​ប្រាសាទមេបុណ្យខាងកើត បាន​ឆ្លង​យោបល់​ពី​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close