បិទទីតាំង អេស 88 ប៊ីយូធី ផ្សារធំថ្មី ក្រោយប្រពន្ធនាយពាក់មី រងគ្រោះថ្នាក់ធ្ងន់ធ្ងរពេលទៅទទួលសេវាកម្ម
ភ្នំពេញ៖ ទីតាំងយីហោ អេស 88 ប៊ីយូធី ផ្សារធំថ្មី មានទីតាំងនៅសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ដែលផ្ដល់សេវាកម្មរក្សាសម្រស់ជូនអតិថិជន ត្រូវបានអាជ្ញាធរសម្រេចបិទទ្វារជាបណ្ដោះអាសន្ន បន្ទាប់ពីអ្នកទៅទទួលសេវាកម្មម្នាក់ ដែលត្រូវបានគេស្គាល់ថា ប្រពន្ធរបស់តារាកំប្លែងនាយពាក់មី បានរងគ្រោះថ្នាក់ធ្ងន់ធ្ងរ រហូតបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។
យោងតាមកំណត់ហេតុបិទទីតាំង នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ ដែលសម្រេចដោយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនោះ បានបញ្ជាក់ថា ទីតាំងនេះ ពុំមានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាល និងបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ជនរងគ្រោះ ដែលកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។
តាមការបញ្ជាក់របស់នាយពាក់មី នៅលើបណ្ដាញសង្គម Facebook បានឲ្យដឹងថា ប្រពន្ធរបស់ខ្លួនបានទៅទីតាំងនេះ ដើម្បីទទួលសេវាកម្មព្យួរសេរ៉ូមឲ្យស្បែកស ប៉ុន្ដែក្រោយបុគ្គលិកនៅទីនោះចាក់សេរ៉ូមបញ្ចូលហើយនោះ ស្រាប់តែប្រពន្ធរបស់ខ្លួនមានអាការៈមិនស្រួល ដូចជាថប់ដង្ហើម ណែនដើមទ្រូង។ ភ្លាមនោះ ក្រុមគ្រួសារបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ ដើម្បីសង្គ្រោះ។
ជាមួយគ្នានេះ នាយពាក់មី ក៏បានប្រកាសឲ្យម្ចាស់ទីតាំងត្រូវចេញមកដោះស្រាយជាបន្ទាន់ជាមួយសមត្ថកិច្ច ក្នុងករណីធ្វើឲ្យប្រពន្ធរបស់ខ្លួនរងគ្រោះថ្នាក់ ហើយកុំព្យាយាមគេចវេសឲ្យសោះ ព្រោះម្ចាស់ទីតាំងត្រូវបានគេស្គាល់មុខហើយ។ ប៉ុន្ដែទោះជាយ៉ាងណា នាយពាក់មី មិនបានបង្ហាញអត្តសញ្ញាណម្ចាស់ទីតាំងជាសាធារណៈនោះទេ៕
ប្រភព៖ Fresh News
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។