ដើម​គ្រញូង​នៅ​តំបន់​អង្គរ​មួយ​ដើម​ទៀត ត្រូវ​ចោរលួច​កាប់​យកទៅ​បាត់​

សកម្មភាព​កាប់បំផ្លាញ​ដើមឈើ​ធំៗ នៅក្នុង​តំបន់​ឧទ្យាន​អង្គរ នៅតែ​បន្ត​កើតមាន បើទោះបី​សមត្ថកិច្ច​ដែល​ប្រចាំការ​នៅ​ទីនោះ បានធ្វើការ​រឹតបណ្តឹង​យ៉ាងណាក៏ដោយ ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២៣​នេះ ដើម​គ្រញូង​ដ៏​ធំ​មួយ​ដើម​ទៀតហើយ នៅ​ភូមិ​មណ្ឌល​៣ ជាប់​ផ្លូវ​ក្រវាត់​ឧទ្យាន​អង្គរ ត្រូវបាន​ក្រុម​ចោរលួច​កាប់​យកទៅ​បាត់​ដោយ​សុ​វត្តិភាព​។​

​លោក ឡុង កុសល អ្នកនាំពាក្យ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ជាក់ថា ដើម​ក្រញូង​មួយ​ដើម​នោះ​ប្រហែលជា​ត្រូវបាន​ជនល្មើស​លួច​កាប់​កាលពី​យប់មិញ ហើយ​ទើបតែ​ប្រទះឃើញ​បាត់​សល់​តែ​គល់​កាលពី​ព្រឹក​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២៣​។​

​លោក ឡុង កុសល បានបញ្ជាក់​នូវ​របាយ​ការណ៍​ដែល​លោក​ទទួលបាន​ថា ជនល្មើស​បាន​កាប់​ដើម​ក្រញូង​ដ៏​ធំ​មួយ​ដើម​ដែល​បែក​ព្រែក​ទី​២ ដោយ​ដើមទី​១ មាន​ប្រវែង ៣,៥០​ម៉ែត្រ និង​ដើមទី​២ មាន​ប្រវែង ៣,៣០​ម៉ែត្រ ហើយ​បន្សល់ទុក​តែ​គល់​ដែលមាន​ទំហំ​គល់ ០,៣៤​ម៉ែត្រ​។​

​លោក​បញ្ជាក់ថា ក្រោយពី​ទទួលបាន​ដំណឹង​នេះ អាជ្ញាធរ​កំពុង​ស្រាវជ្រាវ​រក​ជនល្មើស​ដើម្បី​យកមក​ចាត់ការ​ទៅតាម​នីតិវិធី​។​

​ករណី​លួច​កាប់​ដើម​ក្រញូង​នេះ បានធ្វើឱ្យ​មានមតិ​រិះគន់​ពី​មហាជន​មកលើ​អាជ្ញាធរ​ជាតិ​អប្សរា​ដែលថា​ករណីនេះ​មិនមែន​ទើបតែ​កើត​ឡើងជា​លើក​ទី​១​នោះទេ ហើយ​ថាឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា​ថា​កម្រ​ចាប់បាន​ជនល្មើស​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close