លោក ថាក់ស៊ីន ត្រឡប់មក​មាតុប្រទេស​វិញ ក្រោយ​និរទេស​អស់​រយៈពេល​១៥​ឆ្នាំ​

​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាន​ត្រឡប់មក​មាតុប្រទេស​វិញ​នា​ព្រឹក​ថ្ងៃទី ២២ ខែសីហា​នេះ បន្ទាប់ពី​បាន​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស​អស់​រយៈពេល ១៥ ឆ្នាំ​។​

​លោក ថាក់ស៊ីន បាន​ឡើង​យន្តហោះ​ឯកជន​មួយ​ក្នុងប្រទេស​សិង្ហ​បុរី ហើយ​បាន​ចុះចត​នៅ​អាកាសយានដ្ឋាន​ដុន​មឿង​នៃ​ទីក្រុង​បាងកក​ភ្លាមៗ​នៅ​ម៉ោង ៩ ព្រឹក​នេះ​។ ក្រុម​អ្នកគាំទ្រ​លោក ថាក់ស៊ីន រាប់ពាន់នាក់ ក៏បាន​ប្រមូល​ផ្តុំគ្នា​នៅ​អា​អាកាសយានដ្ឋាន​ដុន​មឿង ដើម្បី​ស្វាគមន៍​លោក​ត្រឡប់មក​ប្រទេស​កំណើត​វិញ​ផងដែរ​។ អ្នកគាំទ្រ​ស្លៀកពាក់​ពណ៌​ក្រហម បាន​អបអរសាទរ រាំ និង​ច្រៀង​យ៉ាង​សប្បាយរីករាយ​។​

​ប្អូនស្រី​របស់លោក ថាក់​ស៊ី ហើយក៏​ជា​អតីត​នាយករដ្ឋមន្ត្រី​ថៃ​ផងដែរ លោកស្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា បាន​លើកឡើងថា លោកស្រី​គោរព​ការសម្រេចចិត្តរ​បស់បង​ប្រុស​ខ្លួន ក្នុង​ការវិល​ត្រឡប់មក​ប្រទេស​ថៃ​វិញ​នៅថ្ងៃនេះ ហើយ​បាន​ជូនពរ​គាត់​ឱ្យ​ជួបតែ​សំណាងល្អ​។ នៅក្នុង​សារ​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក លោកស្រី យី​ង​ឡាក់ បាន​រៀបរាប់ថា​៖«​លោកស្រី​ដឹងថា លោក ថាក់ស៊ីន មាន​អារម្មណ៍​ឯកោ សោកសៅ និង​នឹក​ផ្ទះ​ពេញ​មួយជីវិត​ដែល​និរទេស​ខ្លួន ដោយ​បន្ថែមថា លោកស្រី​ជឿថា លោក ថាក់ស៊ីន បានគិត​ជា​យូរ​មកហើយ​មុនពេល​សម្រេចចិត្ត​វិលត្រឡប់​មកវិញ​នៅថ្ងៃនេះ​»​។​

ការវិល​ត្រឡប់មកវិញ​របស់លោក ថាក់ស៊ីន កើតឡើង​ស្របពេល​នឹង​ការបោះឆ្នោត​សភា​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ថ្មី​ធ្វើឡើង​នៅថ្ងៃនេះ​ផងដែរ ដោយ​សមាជិកសភា​សង្ឃឹម​ថា​នឹង​បំបែក​ភាពជាប់គាំង​នយោបាយ​ជាង​បី​ខែ​បន្ទាប់ពី​ការបោះឆ្នោត​សកល​។ គណបក្ស​ភឿ​ថៃ​ដែល​គាំទ្រ​ដោយ​លោក ថាក់ស៊ីន តែងតាំង​មហាសេដ្ឋី​អចលនទ្រព្យ លោក ស្រេ​ត​ថា ថា​វី​ស៊ីន ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​។ គួរ​បញ្ជាក់ថា លោក ថាក់ស៊ីន ត្រូវ​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​១០​ឆ្នាំ​ក្នុង​សំណុំរឿង​ចំនួន​៣​។ ប៉ុន្តែ​បើ​ផ្អែក​តាម​ការសម្រេច​របស់​តុលាការ លោក​ទំនងជា​នឹង​អាច​ជាប់ពន្ធនាគារ​អតិបរមា​ប្រាំ​ឆ្នាំ​ប៉ុណ្ណោះ ហើយ​លោក​ក៏​អាច​ស្វែងរក​ការលើកលែងទោស​ពី​ព្រះមហាក្សត្រ​ផងដែរ​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close