ស៊ីរីនឹងស្នើសុំជំនួយពីចិនយកទៅកសាងប្រទេសខ្លួនឡើងវិញ
មេដឹកនាំស៊ីរី នៅថ្ងៃទី២១ ខែកញ្ញា បានធ្វើដំណើរទៅដល់ប្រទេសចិនហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោកក្នុងរយៈពេលជិត២ទសវត្សរ៍មកនេះ។
ប្រធានាធិបតីស៊ីរី លោក បាសារ អាល់ អាសាដ បានធ្វើដំណើរទៅដល់ទីក្រុងហាងចូវ ភាគខាងកើតប្រទេសចិន ជាទីដែលលោកនឹងត្រូវចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាអាស៊ី នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះហើយរូបលោកក៏នឹងជួបជាមួយមេដឹកនាំបរទេសផ្សេងទៀត រួមទាំងប្រធានាធិបតីចិន លោក ស៊ី ជីនពីង ផងដែរ។
កំលុងដំណើរបំពេញទស្សនកិច្ចនេះដែរ លោក អាសាដ ត្រូវគេរំពឹងថា នឹងស្នើសុំការគាំទ្រផ្នែកហិរញ្ញវត្ថុពីប្រទេសចិន ដើម្បីយកទៅកសាងប្រទេសរបស់គាត់ ដែលត្រូវបានហែកហួរដោយសង្រ្គាមផ្ទៃក្នុងអស់រយៈពេលជាច្រើនឆ្នាំ។
វត្តមានលោក អាសាដ ក៏ធ្វើឱ្យចិនក្លាយជាប្រទេសមួយចំនួនតូច នៅក្រៅតំបន់មជ្ឈិមបូព៌ាដែលប្រធានាធិបតីស៊ីរីបានមកបំពេញទស្សនកិច្ចផងដែរ គិតចាប់តាំងពីការផ្ទុះឡើងនៃសង្រ្គាមស៊ីវិលឆ្នាំ២០១១ ដែលបានសម្លាប់មនុស្សជាង១លាននាក់ និងធ្វើឱ្យរាប់លាននាក់ផ្សេងទៀតត្រូវរត់ភៀសខ្លួន ហើយបំផ្លិចបំផ្លាញនូវហេដ្ឋរចនាសម្ព័ន្ធ និងឧស្សាហកម្មរបស់ស៊ីរីស្ទើរទាំងស្រុង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។