ក្រសួងធនធានទឹក សូមប្រុងប្រយ័ត្នជំនន់ទឹកភ្លៀង
ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣។
ក្រសួងបានបញ្ជាក់ថា ប្រព័ន្ធសម្ពាធទាប ដែលកំពុងមាននៅលើឈូងសមុទ្របេងកាល (Bay of Bengal) គេរំពឹងថានឹងវិវត្តទៅជាព្យុះត្រូពិក និងខ្យល់មូសុងនិរតីនៅលើសមុទ្រអាដាំមែន (Andaman Sea) នឹងគ្របដណ្តប់លើឈូងសមុទ្រថៃ និងវិវត្តទៅជាប្រព័ន្ធសម្ពាធទាប។ ខណៈនេះ ខ្យល់មូសុងភាគខាងត្បូង និងខាងកើត បក់នាំសំណើមក្នុងកម្រិតមធ្យមមកលើតំបន់ខ្ពង់រាប តំបន់ទំនាបកណ្តាល និងតំបន់មាត់សមុទ្រនៃព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖
ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែតុលា នៅតាមបណ្ដាខេត្តមួយចំនួន ក្នុងតំបន់ខ្ពង់រាបដូចជា ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី នៅតែមានភ្លៀងធ្លាក់បន្ត ក្នុងកម្រិតខ្សោយទៅមធ្យម គ្របដណ្តប់លើផ្ទៃដីពី ៣០% ទៅ ៥០%។
នៅរាជធានីភ្នំពេញ តំបន់មាត់សមុទ្រ និងតំបន់ទំនាបកណ្តាល នឹងមានភ្លៀងធ្លាក់នៅក្នុងកម្រិតបង្គួរ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់ លើផ្ទៃដីពី ៥០% ទៅ ៦០%។
សូមប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះស្ថានភាពនេះ ដែលអាចបង្កជាជំនន់ទឹកភ្លៀង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។