កម្ពុជា បន្ត​ធ្លាក់ភ្លៀង ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ​

ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីជូនដំណឹង​ពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា សម្រាប់​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២៣​។​

​ក្រសួង​បញ្ជាក់ថា ព្រះរាជាណាចក្រ​កម្ពុជា​ទ​ទួល​ឥទ្ធិពល ពី​ប្រព័ន្ធ​សម្ពាធ​ទាប ដែល​អូសបន្លាយ​ពី​ភាគ​កណ្ដាល​ប្រទេស​ថៃ ទៅ​សមុទ្រ​ចិន​ខាងត្បូង ឆ្លងកាត់​ពីលើ​ប្រទេស​កម្ពុជា​។ ក្នុងអំឡុង​ពេលនេះ ខ្យល់មូសុង​និរតី​បាន​បង្កើន​កម្លាំង​បក់​មកលើ​សមុទ្រ​អាន់​ដា​មែន (Andaman Sea) និង​ឈូង​សមុទ្រ​ថៃ​។ ខណៈ​នេះ​មាន​លំហូរ​ខ្យល់​បក់​ពី​ទិស​ខាងត្បូង នាំមក​ជាមួយ​នូវ​សំណើម​ពី​ឈូង​សមុទ្រ​ថៃ មកលើ​តំបន់ឆ្នេរ ស្រប​ពេលដែល​លំហូរ​ខ្យល់​បក់​មកពី​ទិសខាងកើត និង​ទិសអាគ្នេយ៍ នាំមក​ជាមួយ​សំណើម​ពី​សមុទ្រ​ចិន​ខាងត្បូង មកលើ​ប្រទេស​កម្ពុជា​។​

​ស្ថានភាព​បែបនេះ​នឹងធ្វើ​ឱ្យ​៖

* ចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៨ ខែតុលា នៅតាម​បណ្ដា​ខេត្ត​មួយចំនួន​នៅ​តំបន់​មាត់សមុទ្រ និង​បណ្តា​ខេត្ត​មួយចំនួន​ក្នុង​តំបន់​ទំនាប​កណ្តាល រួមទាំង​រាជធានី​ភ្នំពេញ នឹងមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​បង្គួរ លាយឡំ​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​គ្របដណ្ដប់​លើ​ផ្ទៃដី​ពី ៥០% ទៅ ៦០%​។​

* ដោយឡែក បណ្ដា​ខេត្ត​មួយចំនួន​ក្នុង​តំបន់​ខ្ពង់រាប នឹងមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ គ្របដណ្តប់​លើ​ផ្ទៃដី​ពី ៤០% ទៅ ៥០%​។​

* សូម​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ស្ថានភាព​ធាតុអាកាស​នេះ ដែល​អាច​បង្ក​ជា​ជំនន់​ទឹកភ្លៀង​ជាយថាហេតុ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close