ស្ពាន​កោះ​ពេជ្រ​-​កោះនរា បើក​ឱ្យធ្វើ​ចរាចរ​ផ្លូវ​ទាំងសងខាង​ហើយ​

ក្រោយ​ស​ង្គេ​ត​ឃើញ​មាន​កំណើន​យានយន្ត​លើ​ស្ពាន​កោះ​ពេជ្រ​-​កោះនរា មានការ​កើនឡើង​, រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​បើក​ឱ្យ​ប្រជាពលរដ្ឋ ធ្វើចរាចរ​ផ្លូវ​ទាំងសងខាង​ចាប់ពី​ម៉ោង​៦​នាទី​ល្ងាច ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២៣​តទៅ​។​

​គួររំលឹកថា សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា បានសម្រេច​ដាក់ឱ្យ​ប្រើប្រាស់​ស្ពាន​កោះ​ពេជ្រ​-​កោះនរា ជា​បណ្តោះអាសន្ន​ចាប់ពី​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២៣ ដែល​ពេលនោះ​ដាក់ឱ្យ​ដំណើរការ​ចរាចរ​តែ​ម្ខាង​ស្ពាន​ប៉ុណ្ណោះ​។​

​ស្ពាន​ត​ភ្ជាប់​កោះ​ពេជ្រ​-​កោះនរា បាន​បើក​ការដ្ឋាន​សាងសង់ កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន ។​

​គម្រោង​សាងសង់​ស្ពាន​ខ្សែកាប​ត​ភ្ជាប់​ពី​ទីក្រុង​រណប​កោះ​ពេជ្រ ទៅកាន់​គម្រោង​អភិវឌ្ឍន៍​កោះនរា​នេះ មាន​ប្រវែង​សរុប ៨២៤​ម ទទឹង ២៤.៥​ម បណ្តោយ​ស្ពានបេតុង​អារ​មេ ប្រវែង ៤៨៣​ម សសរស្ពាន​មាន​គម្លាត​២០​ម​+២១​ម​+១០៨​ម​+១៨០​ម​+១០៨​ម​+២៣​ម​+២៣​ម ផ្លូវ​ត​ភ្ជាប់​ក្បាលស្ពាន​ត្រើយ​ខាង​កោះ​ពេជ្រ ប្រវែង ២៤៩​ម ផ្លូវ​ត​ភ្ជាប់​ក្បាលស្ពាន​កោះនរា ប្រវែង​៩២​ម៉ែត្រ ជា​ស្ពាន​ចរាចរ​ទ្វេរ​ទិស មាន​គន្លង​សម្រាប់​រថយន្ត​ចំនួន ២​ទៅ និង​គន្លង​ចំនួន ២​មក ដែល​១​គន្លង​មាន​ទទឹង​៣,២៥​ម៉ែត្រ និង​មាន​គន្លង​សម្រាប់ទោ​ចក្រយានយន្ត​ចំនួន ១​ទៅ និង​គន្លង​ចំនួន ១​មក ដែលមាន​ទទឹង ១,២៥​ម៉ែត្រ​សងខាង ។​

​ស្ពាន​នេះ​តម្រូវឱ្យ​បើកបរ ល្បឿន​សុវត្ថិភាព ៤០​គ​.​ម​/​ម៉ោង​ជម្រាល​ទទឹង​ស្ពាន​២% សសរ​សម្រាប់​ព្យួរ​ខ្សែកាប​មាន​កំពស់ ៦០​ម៉ែត្រ គិតពី​ផ្ទៃ​តួ​ស្ពាន​ទៅលើ​អាកាស សសរស្ពាន​សម្រាប់​ព្យួរ​ខ្សែកាប​មាន​ចំនួន​២ ដែល​សសរស្ពាន​នីមួយៗ​ប្រើប្រាស់​គ្រឹះ​ខួង​ខំ​នួន ១៨​ដើម មាន​ទំហំ​អង្កត់ផ្ចិត​២​ម៉ែត្រ គ្រឹះ​ខួង​សសរ​ទី​១​មាន​ជម្រៅ ៥៩,៤០​ម៉ែត្រ និង​សសរ​ទី​២​មាន​ជម្រៅ​៧៣,៤០​ម៉ែត្រ ផ្នែក​ខាង​កោះ​ពេជ្រ​មាន​សសរ​ចំនួន ៣ និង​ផ្នែក​ខាង​កោះនរា​មាន​សសរ​ចំនួន ៣ ជើងតាង​ស្ពាន​មាន​ទំហំ ២៤.៣​ម​x១៧.៧​ម​x៤.៥​ម ។​

​កំពស់​អតិបរមា​នាវា​ឆ្លងកាត់​ក្រោម​ស្ពាន ៨​ម នៅ​រដូវវស្សា​នីវ៉ូទឹក​ខ្ពស់បំផុត កំពស់​អតិបរមា​នាវា​ឆ្លងកាត់​ក្រោម​ស្ពាន ១៨​ម នៅ​រដូវប្រាំង​នីវ៉ូទឹក​ទាប​បំផុត គម្លាត​ពីស​រសរ​ស្ពាន​ខ្សែកាប មាន​ប្រវែង ១៨០​ម សសរស្ពាន​ខ្សែកាប​នីមួយៗ​មាន​ខ្សែកាប​ចំនួន​១​ជួរ ១៦​ដើម​សងខាង ក្នុង​១​ដើម​មានភ្ជាប់​ខ្សែកាប​តូចៗ​ពី ២៧​ដើម ទៅ​៣១​ដើម ដែលមាន​អង្កត់​ផ្ចឹ​ត ១៥.២​ម​ម សសរស្ពាន​ខ្សែកាប​ទាំង​២ មាន​ឆ្លាក់​ចម្លាក់​រចនាបទ​ខ្មែរ មាន​បំពាក់​បង្គោល​ភ្លើង​បំភ្លឺ​ស្ពាន រៀបចំ​បណ្តាញ​លូ​អម​សងខាង​ផ្លូវ​ក្បាលស្ពាន ដាក់​ស្លាក​សញ្ញា​ចរាចរ និង​លាប​គំនូសចរាចរ​។​

​ស្ពាន​នេះ​ចំណាយ​ការសាងសង់ ៣៨,០០០,០០០​ដុល្លា​អាមេរិក សាងសង់​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អណិកជន​កម្ពុជា OCIC ។

​ដើម្បី​ភ្ជាប់​ការធ្វើដំណើរ​ឡើងទៅ​ផ្លូវជាតិ​លេខ​១ ក្រុមហ៊ុន​បាន​សាងសង់​ស្ពានបេតុង​អារ​មេ​ត​ភ្ជាប់​ពី​កោះនរា មួយ​ខ្សែ​ផងដែរ​។ ស្ពាន​នេះ មាន​បណ្តោយ​ស្ពាន​សរុប​ប្រវែង​៦០​ម៉ែត្រ ទទឹង​ស្ពាន ២១​ម៉ែត្រ បណ្តោយ​ស្ពានបេតុង​៤៥​ម៉ែត្រ ផ្លូវ​គល់ស្ពាន​សងខាង ១៥​ម៉ែត្រ ចំណាយ​ថវិកា ១,៦០៦,៣៥៣​ដុល្លា​អាមេរិក​៕

​ប្រភព​៖ Fresh News​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close