សូម​ប្រុងប្រយ័ត្ន​! លើ​ផ្ទៃសមុទ្រ អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​មធ្យម ខ្យល់​បក់ និង​រលក​សមុទ្រ​

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា សម្រាប់​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២៣​។​

​ក្រសួង​បញ្ជាក់ថា ប្រព័ន្ធ​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន​លាតសន្ធឹង​មកលើ​ភាគ​ខាងជើង និង​ភាគ​ឦសាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួមជាមួយ​ខ្យល់មូសុង​ឦសាន​ខ្សោយ​។ ទន្ទឹមនឹងនេះ មាន​ចរន្ដ​ខ្យល់​ក្ដៅ​ហើយ​សើម​ពី​សមុទ្រ​ចិន​ខាងត្បូង​នឹង​បក់​ពី​ទិសខាងកើត និង​ទិសអាគ្នេយ៍​មកលើ​ប្រទេស​កម្ពុជា​។ ដោយឡែក នៅ​ថ្ងៃទី​៧-៨ ខែវិច្ឆិកា ឆ្នាំ​២០២៣ ព្រះរាជាណាចក្រ​កម្ពុជា នឹង​ទទួល​ឥទ្ធិពល​ពី​ប្រព័ន្ធ​សម្ពាធ​ខ្ពស់​ក្នុង​កម្រិត​មធ្យម​មួយទៀត​ពី​ប្រទេស​ចិន ដែល​លាតសន្ធឹង​ដល់​ភាគ​ខាងជើង និង​ភាគ​ឦសាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ស្ថានភាព​បែបនេះ នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា ២០២៣ នឹង​ធ្វើឱ្យ​ធាតុអាកាស​៖

១-​តំបន់​វាលទំនាប​៖
* សីតុណ្ហភាព​អប្បបរមា​ពី​២៣-២៥°C និង​សីតុណ្ហភាព​អតិបរមា​ពី​២៩-៣២°C ហើយ​ខ្យល់​បក់​មកពី​ទិសឦសាន ទិសខាងកើត និង​ទិសអាគ្នេយ៍​ក្នុង​ល្បឿន​ពី​១-៣​ម៉ោង​/​វិនាទី​
* ភ្លៀង​ធ្លាក់​លាយឡំ​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​លើ​រាជធានី​ភ្នំពេញ និង​ខេត្ត​មួយចំនួន​នៅក្នុង​ភូមិភាគ​ពាយ័ព្យ ភាគខាងត្បូង និង​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​កម្ពុជា ដែល​អាច​គ្របដណ្តប់​លើ​ផ្ទៃដី​ពី​១០% ទៅ ៣០%​។​

២-​តំបន់​ខ្ពង់រាប​៖
* សីតុណ្ហភាព​អប្បបរមា​ពី​២២-២៤°C និង​សីតុណ្ហភាព​អតិបរមា​ពី​២៩-៣២°C ហើយ​ខ្យល់​បក់​មកពី​ទិសឦសាន និង​ទិសខាងកើត​ក្នុង​ល្បឿន​ពី​១-៣​ម៉ោង​/​វិនាទី​
* ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម លើ​ខេត្ត​ត្បូងឃ្មុំ កំពង់ចាម និង​ព្រះវិហារ ដែល​អាច​គ្របដណ្ដប់​លើ​ផ្ទៃដី​ពី​១០% ទៅ ២០%​។ ដោយឡែក​ខេត្តមណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង និង​រតនគិរី អាចមាន​ភ្លៀងរលឹម​តិចតួច​ប៉ុណ្ណោះ​។​

៣-​តំបន់​មាត់សមុទ្រ​៖
* សីតុណ្ហភាព​អប្បបរមា​ពី​២៤-២៧°C និង​សីតុណ្ហភាព​អតិបរមា​ពី​៣០-៣២°C ហើយ​ខ្យល់​បក់​មកពី​ទិសឦសាន និង​ទិសខាងកើត​ក្នុង​ល្បឿន​ពី​១-៣​ម៉ោង​/​វិនាទី​
* ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ លាយឡំ​ជាមួយ​ផ្គរ​រន្ទះ ដែល​អាច​គ្របដណ្តប់​លើ​ផ្ទៃដី​ពី​២០% ទៅ​៣០%​។​
* ចំណែកឯ នៅលើ​ផ្ទៃសមុទ្រ អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​មធ្យម ហើយ​ខ្យល់​បក់​មកពី​ទិស​ខាងត្បូង និង​ទិសខាងកើត​ក្នុង​ល្បឿន​ពី​១-៣ ម៉ោង​/​វិនាទី និង​រលក​សមុទ្រ​មាន​កម្ពស់​ពី​០,៥-១​ម៉ែត្រ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close