ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០២៣ មាន​បេក្ខជន​ចុះឈ្មោះ​ប្រឡង​សរុប ១៣៧,៤១២​នាក់​

​នៅ​ព្រឹក​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ចាប់ផ្តើម​ហើយ​។​

​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា អញ្ជើញ​បើក​វិញ្ញាសារ​នៅ​វិទ្យាល័យ​ព្រះ​សី​សុវត្ថិ រាជធានី​ភ្នំពេញ​។​

​នា​ព្រឹក​នេះ​ដំណើរការ​សំណេរ មាន​សកម្មភាព​ឆែក​ប្រមូល​សំណៅ​ឯកសារ ឧបករណ៍​អេឡិចត្រូនិក និង​សម្ភារៈ​ហាមឃាត់​ផ្សេងៗ ពី​បេក្ខជន ដោយ​គណៈកម្មការ​អនុរក្ស មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​

​ក្រសួង​អប់រំ យុវជន និង​កីឡា សូម​អំពាវនាវ​ដល់​បេក្ខជន​ទាំងអស់ ត្រូវគោរព​បទ​ប្បញ្ញត្តិ​នៃ​ការប្រឡង​ឱ្យបាន​ល្អប្រសើរ ជាពិសេស​មិនត្រូវ​លាក់ទុក​ជាប់​នឹង​ខ្លួន នូវ​ឧបករណ៍​អេឡិចត្រូនិក​គ្រប់​ប្រភេទ​ចូលក្នុង​មណ្ឌល​ប្រឡង ឬ​បន្ទប់​ប្រឡង​ជាដាច់ខាត​។ ករណី​រកឃើញថា​បាន​ប្រព្រឹត្ត​ផ្ទុយ​នឹង​បទ​ប្បញ្ញត្តិ និង​កម្រិត​វិន័យ បេក្ខជន​នឹងត្រូវ​បានកំណត់​ឱ្យ​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ​។​

​សូមជម្រាបថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​០៦ វិច្ឆិកា ២០២៣ មាន​បេក្ខជន​ចុះឈ្មោះ ប្រឡង​សរុប​ចំនួន​១៣៧,៤១២​នាក់ (​ស្រី​៧៣,២៧៨​នាក់ ក្នុងនោះ​បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ មាន​ចំនួន ៤១,៣៧៩​នាក់ (​ស្រី​២៤,៧៨៩​នាក់​) បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​ចំនួន​៩៦,០៣៣​នាក់ (​ស្រី​៤៨,៤៨៩ នាក់​)​។​

​បេក្ខជន​ត្រូវបាន​រៀបចំ​ចំនួន ២៥​នាក់​ក្នុង​មួយ​បន្ទប់ ទៅតាម​មណ្ឌល​សំណេរ​នីមួយៗ តាម​រាជធានី ខេត្ត លើកលែងតែ​បន្ទប់​ចុងក្រោយ និង​បន្ទប់​ដែលមាន​បេក្ខជន​មកពី​វិទ្យាល័យ​អប់រំ​ពិសេស​។​

​មណ្ឌល​សំណេរ​មាន​ចំនួន​សរុប ២២៧​មណ្ឌល ត្រូវជា​៥,៥៤៣​បន្ទប់ ក្នុងនោះ​ថ្នាក់​វិទ្យាសាស្ត្រ​មាន​ចំនួន ៧២​មណ្ឌល ត្រូវជា​១,៦៨២​បន្ទប់ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​ចំនួន​១៥៥​មណ្ឌល ត្រូវជា​៣,៨៦១​បន្ទប់​។​

​ដំណើរការ​សំណេរ​ប្រព្រឹត្តទៅ​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃទី​០៦ និង​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២៣​។ ដំណើរការ​កំណែ​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២៣ ដល់​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៣​។ ដំណើរការ​ស្រង់​បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ និង​ផ្ទៀងផ្ទាត់​ពិន្ទុ ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៣​។​

​ក្រសួង​កំណត់​យក​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៣ ពេល​រសៀល សម្រាប់​ការប្រកាស​លទ្ធផល​ប្រឡង នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល និង​នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៣ សម្រាប់​ខេត្ត​ផ្សេងៗ​នៅ​ទូទាំងប្រទេស​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close