អាជ្ញាធរ​ជាតិ​អប្សរា ​ពង្រឹង​ស៊ុមទ្វារ​ផ្នែក​ខាងលិច​របស់​ប្រាសាទបាយ័ន ដើម្បី​សុវត្ថិភាព​ភ្ញៀវទេសចរ​

​ក្រុម​អ្នកបច្ចេកទេស​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា នៃ​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ជួសជុល​ស៊ុមទ្វារ​ផ្នែក​ខាងលិច​នៃ​ប្រាសាទបាយ័ន ដែល​រង​ការ​ខួច​ខាត​ជាច្រើន​ដោយសារតែ​កត្តា​អាយុកាល កម្តៅថ្ងៃ​សំណើម និង​ទឹកភ្លៀង​ឡើងវិញ​។​

​មន្ត្រី​បច្ចេកទេស​កិច្ចការងារ​ជួសជុល លោក ជិន សុខ​ម៉េង មានប្រសាសន៍ថា ក្រុម​អ្នកបច្ចេកទេស​បាន​ប្រមូល​បំណែក​ថ្មភក់ ដែល​ទទួលរង​ដោយ​ទឹកភ្លៀង​ហូរ​ច្រោះ បាក់បែក​ធ្លាក់​រាយប៉ាយ​មក​ជួសជុល​ពង្រឹង​គ្រឹះ​ឡើងវិញ ដើម្បី​កុំឱ្យ​ដីខ្សាច់​ហូរ​ចេញ ដែលនាំឱ្យ​មានការ​ស្រុត​ស៊ុមទ្វារ​ទាំងសងខាង និង​ធ្វើឱ្យ​មានការ​រ​ង្គៀ​ក​ផ្នែក​ខាងលើ​ផង​។​

​លោក សុខ​ម៉េង មានប្រសាសន៍​ទៀតថា ការជួសជុល​ស៊ុមទ្វារ​ផ្នែក​ខាងលិច​នៃ​ប្រាសាទបាយ័ន គឺ​កំពុង​រៀប​ផ្គុំ​ឡើងវិញ​ទៅតាម​ទីតាំង​ដើម​នៃ​សំណង់​បុរាណ​។ ការជួសជុល​នេះ គឺជា​ការងារ​អាទិភាព​ទី​១ សម្រាប់​ទប់ស្កាត់​កុំឱ្យ​ដួលរលំ និង​ម្យ៉ាងទៀត ផ្តោតទៅលើ​ការថែរក្សា​សុវត្ថិភាព​ភ្ញៀវទេសចរ​ដែល​ដើរ​ឆ្លងកាត់​នៅទីនេះ​ផង​។ បន្ទាប់ពី​បញ្ចប់​ការជួសជុល​ស៊ុមទ្វារ​នេះ អាជ្ញាធរ​ជាតិ​អប្សរា នឹង​បន្តធ្វើ​ការជួសជុល​ជញ្ជាំង និង​ជើង​សរសរ​ផ្នែក​ខាងលិច​នៃ​ប្រាសាទបាយ័ន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close