១០​ខែ​ឆ្នាំនេះ ចំណូល​ថវិកាជាតិ​ជាង ៣០០០​លាន​ដុល្លារ បាន​ពី​ការប្រមូល​ពន្ធដារ​

រយៈពេល​១០​ខែ ឆ្នាំ​២០២៣​នេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ប្រមូល​ចំណូល​ពន្ធ សម្រាប់​ថវិកាជាតិ​បាន​ចំនួន ១២ ៤២១.០៧ ប៊ី​លាន​រៀល (​ប្រមាណ​ជា ៣ ០៦៦.៩៣​លាន​ដុល្លារ​) ស្មើនឹង ៨៥.៨៧% នៃ​ផែនការ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២៣​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ អគ្គនាយកដ្ឋាន​ពន្ធដា​រ​។​

​ជាមួយគ្នានេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​រំលេច​នូវ​លទ្ធផល​ការងារ​សំខាន់ៗ សម្រេចបាន​ក្នុង​រយៈពេល ១០​ខែ ឆ្នាំ​២០២៣៖

* បាន​ចុះបញ្ជី​សហគ្រាស​ជោគជ័យ​ចំនួន ១៣ ៤៣៣ សហគ្រាស ក្នុងនោះ​តាម​ថ្នាល Cam-Dx ចំនួន ១២ ៣៤១ សហគ្រាស​
* បានរៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ និង​បណ្តុះបណ្តាល​ចំនួន ៨៤៣ លើក មាន​សិក្ខាកាម​ចូលរួម​ចំនួន ៩៥ ៥១៥ នាក់ ក្នុងនោះ វគ្គ​បណ្តុះបណ្តាល​ចំនួន ៣៧៥ លើក (​សិក្ខាកាម​ចំនួន ៥២ ២០៥ នាក់​) និង​សិក្ខាសាលា​ចំនួន ៤៦៨ លើក (​សិក្ខាកាម​ចំនួន ៤៣ ៣១០ នាក់​)

* បានផ្តល់​សេវា​ពិគ្រោះ​យោបល់​ជូន​អ្នក​ជាប់ពន្ធ​តាម​ចំនួន ៩៨ ៣៨៩ ករណី ក្នុងនោះ តាមរយៈ Call Center 1277 ចំនួន ៦០ ៧២៤ ករណី​

* ក្រុមការងារ​គាំទ្រ​សេវា​អេឡិចត្រូនិក (E-Tax Service) បានផ្តល់​សេវា​គាំទ្រ និង​ដោះស្រាយ​បញ្ហា​និង​សំណើ​នានា​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​កម្មវិធី​និង​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ សរុប​ចំនួន ២៩ ៩២៤ ករណី​

* បាន​ដោះស្រាយ​ឯកសារ​បណ្តឹងតវ៉ា​លើ​ករណី​សវនកម្ម​ពន្ធដារ​ចំនួន ៣៦៨ ករណី​

* បានបញ្ចប់​ការអភិវឌ្ឍ​ប្រព័ន្ធ​-​កម្មវិធី​ថ្មី​សរុប​ចំនួន ៥ និង​បញ្ចប់​ការងារ​ធ្វើ​បច្ចុប្បន្នភាព​ប្រព័ន្ធ​-​កម្មវិធី​សរុប​ចំនួន ៥៣ (​ស្មើនឹង ៣២៩ លើក​) ហើយ​គិត​ត្រឹម​ខែតុលា ឆ្នាំ​២០២៣ នេះ​

* បាន​ពិនិត្យ និង​សម្រេច​លើ​ករណី​ស្នើសុំ​អត្ថប្រយោជន៍​ពី​ការអនុវត្ត​កិច្ចព្រមព្រៀង​ស្តីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា​សរុប​ចំនួន ៣៦៥ សហគ្រាស​
* បាន​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​សំខាន់ៗ​ចំនួន ២ ៖ ទី​១.​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​១៦ នៃ​វេទិកា​ស្តីពី​រដ្ឋបាល​សារពើពន្ធ (Forum on Tax Administration) នៅ​ប្រទេស​សិង្ហ​បុរី ពីថ្ងៃ​ទី​១០-១៣ ខែតុលា ឆ្នាំ​២០២៣ និង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៃ​ក្រុម​សិក្សា​ពី​រដ្ឋបាល​សារពើពន្ធ​អាស៊ី​ប៉ាស៊ីហ្វិក និង​ការស្រាវជ្រាវ (SGATAR) លើក​ទី ៥២ នៅ​ព្រះរាជាណាចក្រ​ថៃ ពីថ្ងៃ​ទី​៣១ ខែតុលា ដល់​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២៣
* ការគ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ​ពី​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (E-Commerce) សម្រេចបាន ២៥៤,៤១ ប៊ី​លាន​រៀល (​ប្រមាណ​ជា ៦២,៨២ លាន​ដុល្លារ​) ពី​សហគ្រាស​ជា​អ្នក​ជាប់ពន្ធ​អ​និវាស​ន​ជន​ចំនួន ៨២ សហគ្រាស (​សហគ្រាស​ផ្គត់ផ្គង់​ទំនិញ និង​/​ឬ​សេវា​អេឡិចត្រូនិក​ពី​បរទេស​ចូលមក​កម្ពុជា​)​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំ​ខែតុលា និង​សម្រាប់​រយៈពេល ១០​ខែ ឆ្នាំ​២០២៣ លោក​គង់ វិបុល រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ផ្សព្វផ្សាយ​ណែនាំ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​គ្រប់លំដាប់​ថ្នាក់​ក្នុងការ​ពង្រឹង​ការអនុវត្ត​ប្រកបដោយ​ការយកចិត្តទុកដាក់​នូវ​វិធានការ​លើកទឹកចិត្ត និង​សម្រួល​ផ្នែក​ពន្ធដារ​ជូន​វិស័យ​ឯកជន​នាពេល​កន្លងមក ជាពិសេស​វិធានការ និង​ដំណោះស្រាយ​ថ្មីៗ​ពាក់ព័ន្ធ​នឹង​ពន្ធដារ ដែល​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាស​ដាក់ចេញ​កាលពី​ជំនួប ក្នុង​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន​លើក​ទី​១៩ កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៣ ក៏ដូចជា បន្ត​ពង្រឹង​ការអនុវត្ត​ការងារ​ប្រកប ដោយ​ការយកចិត្តទុកដាក់​តា​ម​អនុសាសន៍​ណែនាំ របស់​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី ដែល​បាន​ដាក់ចេញ​កន្លងមក ក្នុងការ​ពង្រឹងគុណភាព​នៃ​ការផ្ដល់សេវា និង​ប្រសិទ្ធភាព​ការងារ​។​

​បន្ថែម​ពីលើ​នេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ នឹង​បន្ត​យកចិត្តទុកដាក់ និង​ពង្រឹង​ការអនុវត្ត​ការងារ​ស្របតាម​អនុសាសន៍​របស់​អគ្គបណ្ឌិត​សភាចា​រ្យ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ នា​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំ​ខែកញ្ញា និង​ប្រចាំត្រីមាស​ទី​៣ ឆ្នាំ​២០២៣ កាលពី​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២៣ ជាពិសេស ការងារ​អាទិភាព​សំខាន់ៗ​ក្នុងការ​ពង្រឹង​និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការផ្តល់សេវា​ជូន​អ្នក​ជាប់ពន្ធ ការដាក់ចេញ​នូវ​អាទិភាព​ការងារ​និង​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​នានា​របស់​វិស័យ​ឯកជន​ក៏ដូចជា​សាធារណជន​ទូទៅ ការលើកកម្ពស់​ការយ​ល់​ដឹង​និង​ការអប់រំ​អំពី​ពន្ធដារ ការពង្រឹង​ការបំពេញ​ការងារ​ដោយ​ផ្អែកលើ​និយាម​និតិ​វិធី​ប្រតិបត្តិ​ការងារ (SOP) លើ​គ្រប់​ប្រភេទ​ការងារ​និង​ប្រភេទ​ពន្ធ ព្រមទាំង​អនុសាសន៍​គន្លឹះ​មួយចំនួនទៀត​សម្រាប់​ការងារ​កែទម្រង់​ជា​លក្ខណៈ​ប្រព័ន្ធ​ផងដែរ​៕

​ប្រភព​៖ Fresh News​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close