ក្រសួងព័ត៌មាន នឹងមានចំណាត់ការម៉ឺងម៉ាត់ លើអ្នកសារព័ត៌មានដែលពាក់ព័ន្ធរឿងលុយកាក់ ជាមួយកាស៊ីណូថបដាយអឹម៉ិន នៅខេត្តតាកែវ
ភ្នំពេញ៖ ក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញអំពីចំណាត់ការរបស់ខ្លួនយ៉ាងម៉ឺងម៉ាត់ទៅលើអ្នកសារព័ត៌មានមួយចំនួន ដែលពាក់ព័ន្ធករណីលុយកាក់ ជាមួយក្រុមហ៊ុនកាស៊ីណូ ថបដាយអឹម៉ិន (TOP DIAMOND CASINO) នៅខេត្តតាកែវ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលទទួលបាន។
ក្រសួងព័ត៌មាន បញ្ជាក់ថា កន្លងទៅខ្លួនបានទទួលលិខិតឆ្លើយបំភ្លឺ និងសុំអភ័យទោសពីក្រុមហ៊ុនកាស៊ីណូ ថបដាយអឺម៉ិន លើករណីដែលក្រុមហ៊ុននេះបានចេញលិខិតធ្វើឱ្យប៉ះពាល់ និងជះឥទ្ធិពលមិនល្អដល់វិជ្ជាជីវៈសារព័ត៌មាន។ តាមរយៈលិខិតឆ្លើយបំភ្លឺ និងសុំអភ័យទោសនេះ ក្រុមហ៊ុនបានសន្យាបន្តសហការជាមួយក្រសួងព័ត៌មាន ដើម្បីដោះស្រាយបញ្ហាដែលបានកើតឡើងកន្លងមក ព្រមទាំងគាំទ្រចំពោះចំណាត់ការរបស់ក្រសួងព័ត៌មាន លើអ្នកសារព័ត៌មាន ដែលបំពានក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីពង្រឹងគុណភាពព័ត៌មាន និងសណ្តាប់ធ្នាប់ស្ថាប័ន ព័ត៌មាននៅព្រះរាជាណាចក្រកម្ពុជា។
ជាមួយនឹងការឆ្លើយបំភ្លឺ និងសុំអភ័យទោស ក្រុមហ៊ុនកាស៊ីណូ ថបដាយអឹម៉ិន បានផ្តល់បញ្ជីឈ្មោះ បុគ្គលចំនួន៨២៨រូប ដែលក្រុមហ៊ុនកាស៊ីណូ ថបដាយអឺម៉ិន បានបញ្ជាក់ថាជាអ្នកសារព័ត៌មាន ដែលបាន មកសុំលុយកាក់ពីក្រុមហ៊ុនជូនក្រសួងព័ត៌មាន។ ចំនួននេះប្រហាក់ប្រហែលទៅនឹងចំនួនអ្នកសារព័ត៌មាន ដែលក្រុមហ៊ុនកាស៊ីណូ ថបដាយអឹម៉ិន ចេញផ្សាយជាសាធារណៈកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ថា «មានអ្នកសារព័ត៌មានមកពីអង្គភាពប្រមាណ៧០០ ទៅ៩០០ អង្គភាពមានការពាក់ព័ន្ធទៅនឹងការសុំលុយកាក់ និងបានទទួលការឧបត្ថម្ភជាហូរហែ»។
ក្រសួងព័ត៌មានសូមបញ្ជាក់ជូនសាធារណជនថា ចំនួនតួលេខដែលក្រុមហ៊ុន កាស៊ីណូ ថបដាយអឺម៉ិន បានចុះផ្សាយនេះ មិនមែនជាចំនួនអង្គភាពសារព័ត៌មានទេ តែជាចំនួនបុគ្គលដែលបានអះអាងខ្លួនថាជា អ្នកសារព័ត៌មាន។ បច្ចុប្បន្ន បញ្ជីឈ្មោះបុគ្គលទាំង៨២៨រូបនេះ បានតម្កល់ទុកនៅក្រសួងព័ត៌មាន ហើយ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ កំពុងធ្វើការពិនិត្យផ្ទៀងផ្ទាត់ដើម្បីកំណត់អត្តសញ្ញាណពិតប្រាកដ អំពីចំនួនអង្គភាពសារព័ត៌មានដែលបានចុះបញ្ជី និងមិនចុះបញ្ជីនៅក្រសួងព័ត៌មានដើម្បីមានវិធានការបន្តតាមផ្លូវច្បាប់។
ករណីការចេញផ្សាយ និងការផ្តល់បញ្ជីឈ្មោះអ្នកសារព័ត៌មានរបស់ក្រុមហ៊ុនកាស៊ីណូ ថបដាយអឹម៉ិន ក្រសួងព័ត៌មានបានពិនិត្យជាក់ស្ដែងឃើញថា គឺពិតជាមានអ្នកសារព័ត៌មាន ចូលទៅសុំលុយក្រុមហ៊ុននេះ ប្រាកដមែន។ ក្រោយការចេញលិខិតលេខ៥៨សជណ.ព.ម ចុះថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ មានអ្នកសារព័ត៌មាន ចំនួន៤៣រូប មកពីស្ថាប័នសារព័ត៌មានចំនួន៣៤អង្គភាព បានចូលខ្លួនមកបំភ្លឺនៅអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ថា ខ្លួនពិតជាបានទៅសុំលុយពីក្រុមហ៊ុនកាស៊ីណូ ថបដាយអឺម៉ិន ប្រាកដមែន។ ចំណែកអង្គភាពសារព័ត៌មានផ្សេងទៀត ក៏បានបញ្ជាក់ជូនក្រសួងព័ត៌មាន អំពីការមិនពាក់ព័ន្ធនឹងករណីនេះផងដែរ។
ដើម្បីបន្តវិធានការចំពោះបុគ្គលដែលធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ស្ថាប័នព័ត៌មាន និងដើម្បីការពារ ភាពស្អាតស្អំចំពោះអ្នកសារព័ត៌មាន ក្រសួងព័ត៌មាន តម្រូវឲ្យអ្នកសារព័ត៌មាន និងបុគ្គលដែលជាប់ពាក់ព័ន្ធ ករណីសុំលុយពីកាស៊ីណូ ថបដាយអឹម៉ិន ត្រូវមកធ្វើការផ្ទៀងផ្ទាត់ឈ្មោះ និងឆ្លើយបំភ្លឺនៅអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន រៀងរាល់ថ្ងៃធ្វើការ គិតចាប់ពីថ្ងៃចេញសេចក្តីប្រកាសព័ត៌មាន រហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ជាកំហិត។
ក្រសួងព័ត៌មាន សូមក្រើនរំលឹកជាចុងក្រោយដល់អ្នកសារព័ត៌មានទាំងអស់ ដែលកំពុងបំពេញភារកិច្ច ជាអ្នកសារព័ត៌មានត្រូវលើកកម្ពស់ការអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ជៀសវាងការគិតពីប្រយោជន៍ផ្ទាល់ខ្លួន ប្រព្រឹត្តិកំហុសឆ្គង បំពានក្រមសីលធម៌វិជ្ជាជីវៈ ធ្វើឲ្យអាប់ឱនដល់ កិត្តិយស សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពរបស់ស្ថាប័នព័ត៌មាន និងធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ស្ថាប័នព័ត៌មាន។ ករណីនៅតែមានការបំពានច្បាប់ស្តីពីរបបសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ក្រសួង ព័ត៌មាន នឹងចាត់វិធានការតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។