បុរសម្នាក់ បាញ់សម្លាប់ប្តីប្រពន្ធ ២នាក់ ចោទថាចេះអំពើអាបធ្មប់ នៅខេត្តព្រះវិហារ
កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយបាញ់សម្លាប់ប្តីប្រពន្ធ ២នាក់ ដោយចោទថា ចេះអំពើអាបធ្មប់ នៅចំណុចបុស្សល្ហុង ចំការរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិធ្មា ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ។
ជនសង្ស័យឈ្មោះ អាំ ឡាម ភេទប្រុស អាយុ២៩ឆ្នាំ (ត្រូវជាក្មួយជនរងគ្រោះ) បានប្រើប្រាស់អាវុធកែច្នៃ (កាប៊ីន) ចំនួន ០២ដើម បាញ់ទៅលើជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសារគំនុំ (ចោទថាចេះអាបធ្មប់)។
ករណីខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួន និងដកហូតបានអាវុធកែច្នៃ(កាប៊ីន)ចំនួន ០២ដើម។
ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលបានប្រើប្រាស់ លាក់ទុក និងកំពុងកែច្នៃអាវុធកាប៊ីនដោយខុសច្បាប់ សូមរួសរាន់រាយការណ៍ និងប្រគល់ជូនសមត្ថកិច្ចជាបន្ទាន់ដោយស្ម័គ្រចិត្ត មិនដូច្នេះទេ លោកអ្នកប្រឈមនឹងផ្លូវច្បាប់។សមត្ថកិច្ចយើងខ្ញុំសង្ឃឹមថាប្រជាពលរដ្ឋសហការបានល្អ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។