ធ្លាក់យន្តហោះយោធាអាមេរិកផ្ទុកមនុស្ស ៨នាក់ នៅក្បែរឆ្នេរប្រទេសជប៉ុន
ឆ្មាំសមុទ្រជប៉ុនបានឱ្យដឹងថា នៅថ្ងៃពុធនេះ យន្តហោះយោធាអាមេរិកមួយគ្រឿងប្រភេទ Osprey ដែលផ្ទុកមនុស្សចំនួន៨នាក់ បានធ្លាក់នៅក្បែរឆ្នេរនៃប្រទេសជប៉ុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣។
អ្នកនាំពាក្យឆ្មាំសមុទ្រជប៉ុន បាននិយាយដូច្នេះថា «ពួកយើងទទួលបានព័ត៌មាន នៅវេលាម៉ោង២៖២៧នាទីរសៀលថ្ងៃនេះ (ម៉ោងក្នុងតំបន់) ថា យន្តហោះ Osprey របស់យោធាអាមេរិក១គ្រឿង បានធ្លាក់នៅក្បែរកោះ Yakushima ហើយយើងក៏ត្រូវបានជូនដំណឹងផងដែរថា មានបុគ្គលិកយោធារបស់យន្តហោះផ្ទាល់ចំនួន៨នាក់ ដែលជិះនៅលើនោះ»។
កោះ Yakushima ស្ថិតនៅភាគខាងត្បូង កោះធំ Kyushu ដែលនៅភាគខាងត្បូងបំផុតនៃប្រទេសជប៉ុន។ យោងតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន អ្នកស្រុករស់នៅក្នុងតំបន់ បានរាយការណ៍ថា យន្តហោះយោធាអាមេរិកខាងលើ មានផ្សែងហុយចេញពីម៉ាស៉ីនខាងឆ្វេង នៅពេលដែលវាធ្លាក់ចូលទៅក្នុងសមុទ្រ។ ដោយឡែក អ្នកនាំពាក្យនៃកងកម្លាំងយោធាអាមេរិកប្រចាំប្រទេសជប៉ុន មិនទាន់បានឆ្លើយតបចំពោះសំណើសុំផ្តល់ការអត្ថាធិប្បាយទេ។
គួរបញ្ជាក់ថា ហេតុការណ៍ខាងលើនេះកើតឡើង បន្ទាប់ពីយន្តហោះយោធា Osprey ១គ្រឿងទៀត បានធ្លាក់នៅភាគខាងជើងអូស្ត្រាលី កាលពីខែសីហាកន្លងទៅ និងបានផ្តាច់ជីវិតកងម៉ារីនអាមេរិក៣នាក់ ក្នុងចំណោម២៣នាក់ ដែលជិះនៅលើនោះ អំលុងការធ្វើសមយុទ្ធ៕
ប្រភព៖ Fresh News
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។