ប្រាសាទ​បា​ភួ​ន គឺជា​ប្រាសាទភ្នំ​តំណាងឱ្យ​ភ្នំ​សុមេរុ ជា​ទេវស្ថាន​របស់​ព្រះ​ឥសូរ​

​ប្រាសាទ​បា​ភួ​ន គឺជា​ប្រាសាទភ្នំ​តំណាងឱ្យ​ភ្នំ​សុមេរុ ដែលជា​ទេវស្ថាន​របស់​ព្រះ​ឥសូរ​។ ប្រាសាទ​នេះ​មានឈ្មោះ​ដើម​ហៅថា “​ត្រី​ភូ​វន​ចូ​នាម​ណី​” ដែល​ក្រោយមក​ឈ្មោះ​នេះ​នៅសល់តែ​ពាក្យ​ភូ​វុន​ក្លាយជា​ភុ​ន ឬ​ភួ​ន​វិញ ពាក្យ​ភុ​វន​មានន័យថា​” អ្នក​ដែល​គ្រប់គ្រង​លើ​ភព​ទាំងបី​”​។ នៅ​ចំ​ពីមុខ​តួ​របស់​ប្រាសាទ​បែរ​ទៅ​ទិសខាងកើត មាន​ស្ពាន​ដើរចូល​ប្រវែង ២០០​ម៉ែត្រ x ២.៥០​ម៉ែត្រ ទ្រ​ដោយ​សសរ​មូល​ចំនួន ៥៤៧​ដើម រៀប​យ៉ាង​ស្មើ​ស្ពាន​នេះ​កសាងឡើង​ដើម្បី​ជា​តំណាងឱ្យ​ផ្លូវ​ភ្ជាប់​ពី​ឋានមនុស្ស​ទៅ​ឋានសួគ៌​។ នៅ​ខាងឆ្វេង​ដៃ​ស្ពាន មាន​ស្រះ​មួយ​មាន​ទំហំ ៣៧​ម៉ែត្រ​x២៨​ម៉ែត្រ លម្អ​ដោយ​កាំជណ្តើរ​ធ្វើ​អំពី​ថ្មភក់​។ ប្រាសាទ​នេះ​ជា​ពីរ៉ាមីត​ដ៏​ធំ​មួយ​កំពស់​៣៥​ម៉ែត្រ ដែល​ចែក​ចេញបី​ថ្នាក់ ហើយ​ដែល​ព្រះបាទ​ឧទ​យា​ទិ​ត្យ​វរ្ម័នទី​២​សាង​ឡើង​នៅ​ស​.​វ​.​ទី​១១ ដើម្បី​តម្កល់​លិង្គ​មួយ​នៅ​ជាន់​លើ​បង្អស់​។

​អ្នកជំនាញ​ធំៗ​ដែល​ធ្លាប់បាន​ស្រោចស្រង់​ប្រាសាទ​នេះ ក្នុង​លក្ខណៈ​ជា​សង្គ្រោះបន្ទាន់​ក្តី ឬ​ជួសជុល​ក្នុង​បំណង​ឲ្យ​បានយូរ​អង្វែង​នៅតាម​ទី​ដែល​រលំ​ខ្លះ​ក្តី សុទ្ធសឹង​យល់ស្រប​គ្នា​ថា​វិស្វកម្ម​ដែល​ប្រើ​ក្នុង​ការកសាង​ប្រាសាទ​ជា​លើកដំបូង មាន​ខ្ចោះ​ដោយសារ​គិត​មិន​ដល់​តាំងពី​ដើមទី​។ ក្នុង​ប្រវត្តិ​នៃ​ការជួសជុល​បុរាណ​ស្ថាន​អង្គ​រទាំង​អម្បាលម៉ាន គឺ​ប្រាសាទ​បា​ភួ​ន​នេះហើយ ដែល​ទទួល​ការជួសជុល​ច្រើនលើក​ហើយ​ធំធេង​វែងឆ្ងាយ​ជាងគេ​។ បើ​រាប់​តែ​កម្មវិធី​ជួសជុល​ចុងក្រោយបង្អស់ គឺ​ចាប់ផ្តើម​នៅ​ទសវត្ស​១៩៦០​អស់​ច្រើន​ឆ្នាំ​ហើយ ផ្អាក​មួយរយៈ​វែង ទើប​ចាប់ផ្តើម​បន្តម​កទៀត នៅ​ឆ្នាំ​១៩៩៥​អស់​រយៈពេល​ប្រមាណ ១៤​ឆ្នាំ​ទៀត​។​

​ចម្លាក់​រូប​ទាំង​អម្បាលម៉ាន​ជាទី​ត្រកាល​ភ្នែក​ពន់ពេក​។ បើ​កុំ​និយាយ​ពី​ហោជាង និង​ផ្តែរ​នានា ចម្លាក់​ជា​ក្បាច់​ក្រឡោត​តែងតែ​បង្ហាញ​ក្នុង​ស៊ុម​ដាច់ចេញ​ពីគ្នា​ដោយមាន​រឿង​ខុសៗ​គ្នា​។ ជួនកាល​រូបនោះ​រំលេច​ឈុត​ណាមួយ​នៃ​ទេព​កថា​ដែល​យើង​ស្គាល់ ខ្លះទៀត​បង្ហាញ​ពី​ទិដ្ឋភាព​ផ្សេងៗ​នៃ​ការរស់នៅ​រាល់ថ្ងៃ​នៃ​ប្រជាជន​សាមញ្ញ​។ ប៉ុន្តែ​ជា​ញឹកញយ​ដែរ គេ​ប្រទះឃើញ​រូប​ប្លែកៗ​ដែល​លំបាក​នឹង​បកស្រាយ​ថា​អ្នក​ឆ្លាក់​ចង់បង្ហាញ​ពីអ្វី​។​

ការ​ឧទ្ទិស​ទៅ​ព្រះ​ឥសូរ​ដែលជា​ន័យ​ដើម​នៃ​ប្រាសាទ​នេះ គេបោះបង់​ចោល​ជា​ស្ថាពរ​នៅ​ស​.​វ​.​ទី​១៦ ដើម្បី​ងាក​ទៅរក​ព្រះពុទ្ធសាសនា​ពេញទី​។ នៅ​ជំនាន់​នោះ គេ​រៀបចំ​ឡើងវិញ​នូវ​ថ្ម​ជាច្រើន​រាប់មិនអស់ ដែល​រលំ​ធ្លាក់​មកពី​ជាន់​ទី​២ នៅ​ផ្នែក​ខាងលិច ឲ្យ​ទៅជា​រូប​ព្រះ​ពុទ្ធអង្គ​ចូល​និព្វាន​ប្រវែង​ជាង​៦០​ម៉ែត្រ​។

​នៅ​សម័យ​នោះ​ហើយ​ដែល​ប្រាសាទ​បា​ភួ​ន​ថ្កុំថ្កើង​ឡើងវិញ​មួយរយៈ​ពេល​ជាថ្មីទៀត​។ ការកែប្រែ​ស្ថាបត្យកម្ម​ដើម​មក​ឲ្យ​បម្រើ​សាសនា​ថ្មី​ក្នុង​កម្រិត​ធំធេង​បែបនេះ មានតែ​នៅ​ភ្នំ​បាខែង​ដែល​នៅ​ខាងត្បូង​បរិវេណ​អង្គរធំ​នេះ​ទេ​ដែល​អាច​ប្រៀប​គ្នា​បាន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close