​អ្នក​ឡើង​ភ្នំ​បាត់​ជាច្រើន​នាក់ ខណៈ​១១​នាក់ ក្នុង​ហេតុការណ៍​ផ​ហ​ទុះ​ភ្នំភ្លើង នៅ​ឥណ្ឌូ​ណេ​ស៊ី

​សាកសព​អ្នក​ឡើង​ភ្នំ ១១​នាក់ ត្រូវបាន​រកឃើញ​នៅ​ថ្ងៃ​ចន្ទ​នេះ បន្ទាប់ពី​ភ្នំភ្លើង Marapi របស់​ឥណ្ឌូ​ណេ​ស៉ី បាន​ផ្ទុះ​កាលពី​ថ្ងៃ​ចុង​សប្តាហ៍ កន្លងមក ខណៈ​ប្រតិបត្តិការ​ស្វែង​អ្នក​បាត់​ខ្លួន​ចំនួន ១២​នាក់​ទៀត​ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន ដោយសារ​ការព្រួយបារម្ភ​អំពី​សុវត្ថិភាព​។ នេះ​បើ​យោង តាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​ចន្ទ ទី​៤ ខែធ្នូ ឆ្នាំ​២០២៣​។​

​អ្នកនាំពាក្យ​ក្រុម​ជួយសង្គ្រោះ​ក្នុង​តំបន់ លោក Jodi Haryawan បាន​និយាយថា អ្នក​នៅ​រស់រានមានជីវិត​ចំនួន ៣​នាក់​ទៀត ត្រូវបាន​រកឃើញ នៅ​ថ្ងៃ​ចន្ទ​នេះ រួមជាមួយ​សាកសព​អ្នក​ឡើង​ភ្នំ​ទាំង ១១​នាក់ ក្នុងចំណោម ៧៥​នាក់​នៅ​តំបន់​ភ្នំភ្លើង​ផ្ទុះ​។ អ្នក​ឡើង​ភ្នំ​ចំនួន ៤៩​នាក់​ត្រូវបាន​ជម្លៀស​ចេញពី តំបន់​នេះ ហើយ​ភាគច្រើន​កំពុង​ទទួល​ការព្យាបាល​របួស​។ លោក Jodi បាន​ឲ្យ​ដឹង​ទៀតថា ការផ្ទុះ​ក្នុង​ទំហំ​តូច​មួយ​កំពុង​កើត​មាននៅ​ថ្ងៃ​ចន្ទ​នេះ ធ្វើ​ឲ្យ​ការស្វែងរក​អ្នក​បាត់​ខ្លួន​ត្រូវ​ផ្អាក​សិន​។​

​គួរ​បញ្ជាក់ថា ភ្នំភ្លើង Marapi មាន​កម្ពស់ ២,៨៩១​ម៉ែត្រ​បាន​ផ្ទុះឡើង​កាលពី​ថ្ងៃអាទិត្យ ដោយ​បញ្ចេញ​ផេះ​រហូតដល់ ៣​គីឡូម៉ែត្រ​ទៅលើ​អាកាស​។ អាជ្ញាធរ​បាន​បង្កើន​ការប្រកាសអាសន្ន​ដល់ក​ម្រិ​ត​ខ្ពស់បំផុត​ទី​២ ហើយ​ហាមប្រាម​អ្នកស្រុក ចូលទៅ​ក្បែរ​រណ្ដៅ​ភ្នំភ្លើង​ក្នុង​ចម្ងាយ ៣​គីឡូម៉ែត្រ​៕

​ប្រភព​៖ Fresh News​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close