​ថៃ បញ្ឈប់​ការងារ​មន្ត្រី​ពន្ធដារ ៤​នាក់ ក្រោយ​លុយ​សរុប​ជិត​៦០​លាន​ដុល្លារ ត្រូវបាន​រកឃើញ​ក្នុង​គណនី​ធនាគារ​ផ្ទាល់ខ្លួន

​អាជ្ញាធរ​ថៃ​នា​ថ្ងៃ​ពុធ​នេះ​បានឱ្យដឹងថា មន្ត្រី​ថៃ​៤​នាក់​ត្រូវបាន​បណ្តេញ​ចេញពី​ការងារ បន្ទាប់ពី​លុយ​ដល់​ទៅ​ជាង​២​ពាន់​លាន​បាត ឬ​ស្មើនឹង​៥៧​លាន​ដុល្លារ​អាមេរិក ត្រូវបាន​រកឃើញ​នៅក្នុង​គណនី​ធនាគារ​របស់​ពួកគេ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃ​ពុធ ទី​៦ ខែធ្នូ ឆ្នាំ​២០២៣​។​

​លុយ​ប្រហែល​៥៧​លាន​ដុល្លារ​អាមេរិក​ខាងលើ ត្រូវបាន​រកឃើញ​នៅក្នុង​គណនី​ច្រើន​ផ្សេងគ្នា កាន់កាប់​ដោយ​ស្ត្រី​ចំនួន​៣​នាក់ និង​បុរស​ម្នាក់ ដែល​ធ្វើការ​នៅ​នាយកដ្ឋាន​ពន្ធដារ ក្នុង​ខេត្ត Samut Prakhan ក្បែរ​ទីក្រុង​បាងកក​។ គណៈកម្មការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​នៃ​ប្រទេស​ថៃ ហៅ​កាត់​ថា NACC បានសម្រេច​បញ្ជូន​សំណុំ​រឿងនេះ​ទៅកាន់ ការិយាល័យ​អគ្គរាជអាជ្ញា ហើយ​ក៏បាន​ស្នើឱ្យ​តុលាការ​ព្រហ្មទណ្ឌ​សម្រាប់​បទល្មើស​ពុករលួយ បើក​ការ​ស៉ើ​ប​អង្កេត​ជា​ផ្លូវការ​ផងដែរ​។​

​អ្នកនាំពាក្យ NACC បាន​និយាយថា ក្រុម​បុគ្គល​៤​នាក់​នោះ ហាក់ «​មាន​លុយ​ច្រើន​ខុស​ប្រក្រតី​» ខណៈ​ទ្រព្យសម្បត្តិ​ដែល​ត្រូវបាន​ប្រកាស​របស់​ពួកគេ ដែល​រួមមាន​ទាំង​ប្រាក់​នៅក្នុង​ធនាគារ គឺ​មិន​សមាមាត្រ​គ្នា​ជាមួយ ប្រាក់ចំណូល​រដ្ឋាភិបាល​របស់​ពួកគេ​ឡើយ ហើយ​ទាំង​៤​នាក់ សុទ្ធតែ​មិនអាច​ពន្យល់​បកស្រាយ អំពី​ប្រភព​នៃ​លុយ​ទាំងនោះ​។ បុគ្គល​ដែលជា​បុរស​តែ​ម្នាក់ ឈ្មោះ Danai Damrongchaiyothin មាន​លុយ​១.១​ពាន់​លាន​បាត (៣១​លាន​ដុល្លារ​អាមេរិក​) នៅក្នុង​គណនី​សរុប​ចំនួន​៧ ខណៈ​ស្ត្រី​ម្នាក់ ក្នុងចំណោម​ស្ត្រី​ទាំង​៣​នាក់ មាន​ជាង​៥០០​លាន​បាត (១៤​លាន​ដុល្លារ​) នៅក្នុង​គណនី​ចំនួន​៥​។​

​គួរ​បញ្ជាក់ថា ប្រាក់ខែ​ចាប់​ផ្តើមដំបូង​នៃ​មន្ត្រី​ពន្ធដារ​នៅក្នុង​ប្រទេស​ថៃ គឺ​ក្រោម​៤៥០​ដុល្លារ​ក្នុង​មួយខែ​។ យោងតាម​សេចក្តីថ្លែងការណ៍​របស់ NACC បុគ្គល​ទាំង​៤​នាក់​ខាងលើ ត្រូវបាន​បណ្តេញ​ចេញពី​ការងារ​មន្ត្រីរាជការ​រ​បស់​ពួកគេ​ហើយ ប៉ុន្តែ​មិនមាន​ការបញ្ជាក់​ច្បាស់​ថា តើ​ពួកគេ​ត្រូវបាន​ចោទប្រកាន់​ឬ​ចាប់ខ្លួន ដែរ​ឬ​យ៉ាងណា​នោះទេ​៕

​ប្រភព​៖ Fresh News​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close