​រាជរដ្ឋាភិបាល​ជប៉ុន ផ្តល់​ថវិកា ៣​សែន​ដុល្លារ ជួយ​អភិរក្ស​តំបន់​រមណីយដ្ឋាន​សំបូរ​ព្រៃ​គុក​

រាជរដ្ឋាភិបាល​ជប៉ុន បានសម្រេច​ផ្តល់​គម្រោង​ជំនួយ​ថ្មី ដែលមាន​ចំនួន​ទឹកប្រាក់​ស្មើនឹង ៣​សែន​ដុល្លារ​អាមេរិក សម្រាប់​ការងារ​ជួសជុល​ឡើងវិញ ក៏ដូចជា​ការអភិវឌ្ឍ​ធនធានមនុស្ស លើ​តំបន់​រមណីយដ្ឋាន​សំបូរ​ព្រៃ​គុក ដែលមាន​ឈ្មោះថា «​គម្រោង​អភិវឌ្ឍន៍​ធនធានមនុស្ស​ក្នុងការ​ថែរក្សា និង​ជួសជុល​តំបន់​រមណីយដ្ឋាន​សំបូរ​ព្រៃ​គុក​»​។​

​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន ពី​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២៣​នេះ បាន​បញ្ជាក់ថា​៖ «​គម្រោង​ជំនួយ​ថ្មី​នេះ នឹង​រួមចំណែក​ដល់​ការអនុវត្ត​ប្រកបដោយ​ប្រសិទ្ធិភាព និង​រលូន ក្នុង​ការងារ​ថែរក្សា និង​ជួសជុល​តំបន់​រមណីយដ្ឋាន​សំបូរ​ព្រៃ​គុក​»​។​

​គួរ​បញ្ជាក់ថា រដ្ឋាភិបាល​ជប៉ុន បានផ្ដល់​ជំនួយ​លើ​សកម្មភាព​នានា​ក្នុងការ​ថែរក្សា និង​ជួសជុល​តំបន់​រមណីយដ្ឋាន​សំបូរ​ព្រៃ​គុក ក្នុង​រូបភាព​ចម្បង តាមរយៈ​គម្រោង​មូលនិធិ​ដៃគូ ដោយមាន​ទឹកប្រាក់​សរុប​ចំនួន ៦៣៨,៩៦៧​ដុល្លា​សហរដ្ឋអាមេរិក​។ បើ​និយាយ​ឱ្យ​លម្អិត​រដ្ឋាភិបាល​ជប៉ុន បាន​ជួយ​លើ​សម្ភារៈ និង​ឧបករណ៍​ដេញថ្លៃ​នានា សម្រាប់​ប្រើប្រាស់​លើ​ការងារ​ជួសជុល​ឡើងវិញ​ដែលមាន​រយៈពេល​៤​ឆ្នាំ ចាប់ពី​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១២​។​

​សេចក្តីប្រកាស​ព័ត៌មាន​ដដែល បាន​បន្តថា ចាប់ពី​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២៤ រដ្ឋាភិបាល​ជប៉ុន បាន​នឹង​កំពុង​សាងសង់​អគារ​បណ្តុះបណ្តាល និង​ផ្តល់​សម្ភារ​និង​ឧបករណ៍​មួយចំនួន សម្រាប់​ការងារ​ជួសជុល​អភិរក្ស​នៅ​រមណីយដ្ឋាន​សំបូរ​ព្រៃ​គុក​។​

​រដ្ឋាភិបាល​ជប៉ុន ជឿជាក់ថា តាមរយៈ​គម្រោង​ដែល​បាន​រៀបរាប់​ទាំងនេះ ព្រមទាំង​គម្រោង​ជំនួយ​ថ្មី​នឹង​ជួយផ្ដល់​សមត្ថភាព​ដល់​សិស្ស និង​អ្នកជំនាញ​វ័យក្មេង​កម្ពុជា បាន​រៀន​ជំនាញ​វិជ្ជាជីវៈ​កម្រិត​ខ្ពស់ ព្រមទាំង​ទទួលបាន​ចំណេះដឹង តាមរយៈ​កម្មវិធី​កសាង​សមត្ថភាព និង​ការបណ្តុះបណ្តាល​ការងារ​ដោយ​ការអនុវត្ត​ជាក់ស្ដែង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close