​កម្ពុជា​អបអរសាទរ ! ខួប​លើក​ទី​៣១ នៃ​ការដាក់បញ្ចូល​រមណីយ​ដ្ឋា​ន​អង្គរ ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក របស់​អង្គការ​យូណេស្កូ​

​នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២៣​នេះ គឺជា​ខួប​លើក​ទី​៣១​ឆ្នាំ នៃ​ការដាក់បញ្ចូល​រមណីយ​ដ្ឋា​ន​អង្គរ ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក របស់​អង្គការ​យូណេស្កូ (១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០២៣)​។​

​ប្រាសាទ​អង្គរ​ត្រូវបាន​ចុះ​បញ្ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក របស់​អង្គការ​យូណេស្កូ នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​១៩៩២ នាទី​ក្រុង​សាន់​តា​ហ្វេ​សហរដ្ឋអាមេរិក ។​

​ក្រោយពី​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ ចូលក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក សន្និសីទ​អន្តរជាតិ​មួយ​បាន​ប្រារព្ធ ធ្វើឡើង​នៅ​ទីក្រុង​តូ​ក្យូ ចាប់ពី​ថ្ងៃទី ១២-១៣ ខែតុលា​ឆ្នាំ​១៩៩៣ ក្រោម​ការផ្តួចផ្តើម​គំនិត​របស់​រាជរដ្ឋាភិបាល​ជប៉ុន ដោយមាន​ការគាំទ្រ​ពី​ប្រទេស​បារាំង និង​អង្គការ​យូណេស្កូ ដើម្បី​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​នានា ជា​ប្រយោជន៍​ដល់​កិច្ចការ ពារ​អភិរក្ស​និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ ដើម្បី​សម្រេច​គោលដៅ​នេះ គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ​ហៅ​កាត់ ថា អាយ ស៊ី ស៊ី អង្គរ ត្រូវបាន​បង្កើតឡើង នា​ខែធ្នូ ឆ្នាំ​១៩៩៣​។​

​តំបន់​ឧទ្យាន​អង្គរ មិនមែន​សំដៅ​តែ​ទៅលើ​ប្រាសាទអង្គរវត្ត​តែមួយ​នោះទេ តែ​សំដៅលើ​រមណីយដ្ឋាន​អង្គរ​ទាំងមូល ក្នុងនោះ​រួមបញ្ចូល​ទាំង​ប្រាសាទបុរាណ ដ្ឋា​ន​ស្ថានីយ​បុរាណវិទ្យា បរិស្ថាន និង​សហគមន៍​មនុស្ស​ផងដែរ ដែលមាន​ផ្ទៃក្រឡា​សរុប ៤០១​គីឡូម៉ែត្រ​ក្រឡា​។​

​នៅក្នុង​រមណីយដ្ឋាន​អង្គរ​ទាំងមូល មាន​ប្រាសាទ​ជិត​១០០ ផ្សេងទៀត ដែល​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close