ក្រុមល្បាត ប្រទះឃើញសត្វឆ្កែព្រៃពីរក្បាល ជាសត្វជិតផុតពូជ នៅដែនជម្រកសត្វព្រៃស្រែពក
កំឡុងពេលល្បាត ក្រុមការងារអនុវត្តច្បាប់ប្រទះឃើញសត្វឆ្កែព្រៃពីរក្បាល ដែលជាសត្វជិតផុតពូជ នៅដែនជម្រកសត្វព្រៃស្រែពក នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។
សត្វឆ្កែព្រៃ (Cuon alpinus) ត្រូវចាត់ចូលជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត ក្នុងបញ្ជីក្រហមរបស់អង្គការIUCN ដែលនៅសេសសល់ប្រមាណ២ពាន់ក្បាលជាងប៉ុណ្ណោះក្នុងពិភពលោក។ ឆ្កែព្រៃ គឺជាអម្បូរសត្វដែលសហការគ្នាជាក្រុមៗនៅពេលដែលពួកវាត្រូវប្រមាញ់ចំណី ហើយលក្ខណៈពិសេសនៃឆ្កែព្រៃគឺពួកវាអាចប្រមាញ់សត្វដែលមានមាឌធំជាងខ្លួនវារហូតដល់ទៅ១០ដងឯណោះ!
ការរស់រាននៃសត្វដ៏កម្រនេះប្រឈមដោយបញ្ហាអន្ទាក់ ការបាត់បងទីជម្រក ជាពិសេសពួកវាទទួលរងគ្រោះដោយសារជំងឺឆ្លងពីសត្វឆ្កែស្រុក។
អង្គការWWFសូមថ្លែងអំណរគុណដល់ក្រុមការងារអនុវត្តច្បាប់ មានមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាននិងមន្ទីរបរិស្ថានខេត្ត ភ្នាក់ងារល្បាតសហគមន៍ និងមន្ត្រីអនុវត្តច្បាប់របស់អង្គការWWF ដែលខិតខំប្រឹងប្រែល្បាតដោះអន្ទាក់ បញ្ឈប់បទល្មើស និងការពារដែនជម្រកដើម្បីរក្សាធនធានសត្វព្រៃកម្ពុជាឱ្យគង់វង្សោ៕
https://www.facebook.com/WWFCambodia/videos/886596149408756
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។