​រដ្ឋបាល​ជលផល ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ ដែលមាន​បំណង​ធ្វើ​ប្រហុក ផ្អក ត្រីឆ្អើរ ឬ​ទឹកត្រី សូម​រួសរាន់​អញ្ជើញ​មក​ទិញ​ត្រី ចាប់ពី​ថ្ងៃស្អែក ដល់​ថ្ងៃទី​២៥ ខែធ្នូ !

​រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានចេញ​សេចក្ដីជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​បំណង​ធ្វើ​ប្រហុក ផ្អក ត្រីឆ្អើរ ឬ​ទឹកត្រី សូម​រួសរាន់​អញ្ជើញ​មក​ទិញ​ត្រី ចាប់ពី​ថ្ងៃ​១៩ ដល់​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២៣​។​

​សេចក្ដីជូនដំណឹង​បាន​ឲ្យ​ដឹងថា ក្នុង​រដូវ​នេសាទ​ឆ្នាំ​២០២៣-២០២៤ តាម​ការសង្កេត ត្រី​ចាប់ផ្តើម​បន្លាស់​ទី​ចេញពី​បឹង​ទន្លេសាប បឹង ស្ទឹង និង​ព្រែក​នានា ចូល​ទន្លេសាប ទន្លេមេគង្គ និង​ទន្លេបាសាក់ ដែល​អំណោយផល​ដល់​ការធ្វើ​នេសាទ​បាន​ត្រី​ច្រើន ជាពិសេស​គន្លង​ដាយ​ត្រី​តាម​ដង​ទន្លេសាប នៅក្នុង​ភូមិសាស្ត្រ​ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ ពីថ្ងៃ​អង្គារ ៧​កើត ដល់​ថ្ងៃ​ចន្ទ ១៣​កើត ខែ​មិគសិរ ត្រូវ​នឹង​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២៣ ក្នុងករណី​មេឃ​ស្រឡះ​ល្អ គ្មាន​ភ្លៀង​កក់ខែ ឬ​មិន​ទទួលរង​ឥទ្ធិពល​ព្យុះភ្លៀង​។​

​ជាមួយគ្នានេះ រដ្ឋបាល​ជលផល​សំណូមពរ ដល់​អាជ្ញាធរ​មូលដ្ឋាន ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ មេត្តាជួយ​សម្រួល​ជូន ដល់​បងប្អូន​ប្រជាពលរដ្ឋ​បានធ្វើ​ដំណើរ ស្នាក់នៅ និង​ដឹកជញ្ជូន​ផល ផលិតផល​ត្រី​ដោយ​រលូន តាម​ការគួរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close