​ទីក្រុង​សេ​អ៊ូ​ល ចុះ​ត្រជាក់​ដល់ -១២.៤​អង្សា​សេ ខណៈ​អាកាសធាតុ​ត្រជាក់​ខ្លាំង គ្របដណ្តប់​ទូទាំងប្រទេស​កូរ៉េខាងត្បូង​

ប្រទេស​កូរ៉េខាងត្បូង កំពុងស្ថិត​ក្នុង​អាកាសធាតុ​ត្រជាក់​បំផុត​ក្នុង​រដូវរងា​នេះ ដោយ​សីតុណ្ហភាព​នៅ​ទីក្រុង​សេ​អ៊ូ​ល បាន​ធ្លាក់ចុះ​ដល់ -១២.៤​អង្សា​សេ កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​កន្លងទៅនេះ​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅ​ថ្ងៃ​ចន្ទ ទី​១៨ ខែធ្នូ ឆ្នាំ​២០២៣​។​

​ដោយ​ដកស្រង់​ពី​ទីភ្នាក់ងារ​ឧតុនិយម​ជាតិ សារព័ត៌មាន Yonhap បាន​រាយការណ៍​ថា សីតុណ្ហភាព​នៅក្នុង​រដ្ឋ​ធានី​កូរ៉េខាងត្បូង អាច​ធ្លាក់​មក​នៅ​ចន្លោះ​ពី -៣​ទៅ -១៨​អង្សា​សេ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​។ ដោយឡែក កាសែត The Korea Times ក៏បាន​រាយការណ៍​ផងដែរ​ថា អាកាសធាតុ​ត្រជាក់​នឹង​បន្ត​ពេញ​មួយ​សប្តាហ៍ ហើយ​កម្រិត​ត្រជាក់​បំផុត​នៅពេល​ព្រឹក អាច​ស្ថិតនៅ​ចន្លោះ​ពី -១៧​ដល់ -២​អង្សា​សេ​នៅ​ទូទាំងប្រទេស​។​

​គួរ​បញ្ជាក់ថា សេចក្តីណែនាំ​អំពី​រលក​ត្រជាក់​បាន​ចូល​ជា​ធរមាន សម្រាប់​តំបន់​ដូចជា​ទីក្រុង​សេ​អ៊ូ​ល ប៊ូសាន ដា​ជុន និង​ដេ​ហ្គូ កាលពី​ម៉ោង ៩ យប់​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​មុន ខណៈ​អាជ្ញាធរ​ក៏​បានចេញ​ការព្រមាន អំពី​ព្រិល​ធ្លាក់​ខ្លាំង​សម្រាប់​តំបន់​ភាគ​កណ្តាល និង​ភាគ​ខាងលិច​ប្រទេស​កូរ៉េខាងត្បូង​។ រីឯ​ជើងហោះហើរ​ប្រហែល ១០០​ក៏ត្រូវ​ផ្អាក​ដំណើការ​ផងដែរ ដែល​ភាគច្រើន​គឺ​ហោះ​ទៅ និង​មកពី​កោះ​ជេ​ជូ ដោយសារតែ​ខ្យល់​បក់​ខ្លាំង ឬ​ព្រិល​ធ្លាក់​៕

​ប្រភព​៖ Fresh News​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close