អាកាសធាតុ​នៅ​កម្ពុជា ​នឹង​ចុះ​ត្រជាក់ ដែល​ខេត្ត​ខ្លះ​ដល់ ១៥​អង្សា​សេ ចាប់ពី​ថ្ងៃទី​២១-២៤ ខែធ្នូ !

ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​១៨ ខែធ្នូ​បាន​ជូនដំណឹង​ថា យោង​ការ​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២៣ នៅ​ខេត្ត​មួយចំនួន​នឹង​ចុះ​ត្រជាក់​ចន្លោះ​ពី​១៩ ដល់​១៥°C​។​

​សេចក្តីជូនដំណឹង​នេះ បាន​បញ្ជាក់ថា នៅ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២៣ ប្រព័ន្ធ​នៃ​សម្ពាធ​ខ្ពស់​នៅលើ​ប្រទេស​ចិន​បង្កើន​ឥទ្ធិពល​គ្របដណ្តប់​លើ​ប្រទេស​កម្ពុជា ជាមួយនឹង​ខ្យល់មូសុង​ឦសាន​បក់​ពី​បង្គួរ​ទៅ​ខ្លាំង​។ ស្ថានភាព​បែបនេះ​នឹងធ្វើ​ឱ្យ ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២៣ ធាតុអាកាស​នឹង​ចុះ​ត្រជាក់ ដោយ​ក្នុងនោះ​សីតុណ្ហភាព​អប្បបរមា​នៅពេល​ព្រឹក​៖

* ខេត្តមណ្ឌលគិរី ព្រះវិហារ ឧ​ត្ត​រ​មានជ័យ រតនគិរី និង​ខេត្ត​ប៉ៃលិន​សីតុណ្ហភាព​អប្បបរមា​ពី ១៥-១៦°C

* ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ធំ និង​ខេត្តស្ទឹងត្រែង​សីតុណ្ហភាព​អប្បបរមា​ពី ១៧-១៩°C

* នៅ​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​ដទៃទៀត​សីតុណ្ហភាព​អប្បបរមា​ពី ២០-២៣°C

* នៅលើ​ផ្ទៃសមុទ្រ​ខ្យល់​បក់​មកពី​ទិសឦសាន​ក្នុង​ល្បឿន​ពី​៧-៩​ម៉ែត្រ​/​វិនាទី និង​រលក​សមុទ្រ​មាន​កម្ពស់​ពី​១,៥០-២,០០ ម៉ែត្រ​។​

​ក្រសួង​ធនធានទឹក សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន ថែរក្សា​សុខភាព ស្លៀក​សម្លៀកបំពាក់​ឱ្យបាន​គត់មត់ ដើម្បី​បង្ការ​ពី​ជំងឺ​ដ​ង្កា​ត់​នានា ដែល​អាច​កើតមានឡើង​ជាយថាហេតុ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close