​ជប៉ុន ផ្ដល់​ជំនួយឥតសំណង​ជិត ៥០​ម៉ឺន​ដុល្លារ ដល់​កម្ពុជា លើ​គម្រោងការ​បោសសម្អាត​មីន និង​អភិវឌ្ឍន៍​តំបន់​បោសសម្អាត​មីន​រួច

លោក ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក ជា​អគ្គនាយក​មជ្ឈមណ្ឌល​ស​កម្ម​ភាព​កម្ចាត់មីន​ក​ម្ពុ​ជា (​ស៊ីម៉ាក់​) និង​លោក KARUBE Masakazu ប្រធាន​អង្គការ JMAS ប្រចាំ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ និង​ភាពជា​ដៃគូ លើ​គម្រោង​គាំទ្រ​ការ​បោសសម្អាត​មីន និង​អភិវឌ្ឍន៍​តំបន់​បោ​សម្អាត​មីន​រួច ស្ថិតក្នុង​ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ និង​គម្រោង​គាំទ្រ​ការ​បោសសម្អាត​តំបន់​គ្រាប់បែក​ចង្កោម ក្នុង​ខេត្តស្ទឹងត្រែង​ កាលពី​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២៣ នៅ​ទីបញ្ជាការ CMAC ភ្នំពេញ​។​

​គម្រោង​ទាំង​២ ជាការ​ផ្តល់​ជំនួយឥតសំណង មាន​ថវិកា​សរុប​ចំនួន ៤៩៩,១៣៥.១០​ដុល្លារ​អាមេរិក សម្រាប់​រយៈពេល​១២​ខែ ចាប់ពី​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២៣ ដល់​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២៤​។ នេះ​ជា​ឆ្នាំ​ទី​៣​នៃ​ការអនុវត្ត​គម្រោង​នេះ ដែលមាន​ផែនការ​បោសសម្អាត​ផ្ទៃដី​ចម្ការមីន​/​គ្រាប់ ក្នុង​ខេត្តបន្ទាយមានជ័យ និង​ខេត្តស្ទឹងត្រែង សរុប​ចំនួន ៦៣០​ហិកតា​។​

​សូមបញ្ជាក់ថា ជា​លទ្ធផល​ក្នុងការ​អនុវត្ត​គម្រោង​ខាងលើ​សម្រាប់​ឆ្នាំ​ទី​១ និង​ឆ្នាំ​ទី​២​កន្លងទៅនេះ អង្គភាព CMAC សម្រេចបាន​រំដោះ​ផ្ទៃដី​ចម្ការមីន​/​គ្រាប់​សរុប​ចំនួន ១,១៨៥​ហិកតា រុករក​ឃើញ និង​កម្ទេចចោល​១,៦៧១​គ្រាប់​។ ប្រជាពលរដ្ឋ​ទទួលផល​ដោយផ្ទាល់ និង​ដោយ​ប្រយោល ពី​ការអនុវត្ត​គម្រោង​នេះ​មាន​ចំនួន ៦៤,០១៩​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close