ខេត្តចំនួន៤ នៅកម្ពុជា ចុះត្រជាក់ពី១៦-១៨°C ក្នុងរយៈពេល២ថ្ងៃនេះ
ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣។
នៅថ្ងៃទី២៥ និងទី២៦ ប្រព័ន្ធសម្ពាធខ្ពស់នៅលើប្រទេសចិនបន្តឥទ្ធិពលគ្របដណ្ដប់លើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីបង្គួរទៅខ្លាំង ហើយចាប់ពីថ្ងៃទី២៧ ខែធ្នូ ឥទ្ធិពលប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិន និងខ្យល់មូសុងឦសាននឹងចុះខ្សោយ។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ធាតុអាកាសនៅតាមបណ្តាខេត្តជាប់ក្បែរនឹងភូមិសាស្ត្រជួរភ្នំដងរែក និងខ្ពង់រាបភាគឦសានបន្តត្រជាក់នៅពេលព្រឹក។ ចាប់ពីថ្ងៃទី២៧ ខែធ្នូ ធាតុអាកាសត្រជាក់ថមថយ ជាមួយនឹងសីតុណ្ហភាពកើនឡើង។
១-តំបន់វាលទំនាប ៖
* សីតុណ្ហភាពអប្បបរមាពី១៧-២២°C និងសីតុណ្ហភាពអតិបរមាពី២៧-២៩°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៤-៦ម៉ែត្រ/វិនាទី
* នៅថ្ងៃទី២៥-២៦ ខែធ្នូ ខេត្តប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង និងខេត្តសៀមរាប សីតុណ្ហភាពអប្បបរមាពី ១៧-១៩°C។
២-តំបន់ខ្ពង់រាប ៖
* សីតុណ្ហភាពអប្បបរមាពី១៦-២១°C និងសីតុណ្ហភាពអតិបរមាពី២៦-២៨°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៥-៧ម៉ែត្រ/វិនាទី
* នៅថ្ងៃទី២៥-២៦ ខែធ្នូ ខេត្តឧត្តរមានជ័យ មណ្ឌលគិរី ព្រះវិហារ និងខេត្តរតនគិរី សីតុណ្ហភាពអប្បបរមាពី១៦-១៨°C។
៣-តំបន់មាត់សមុទ្រ ៖
* សីតុណ្ហភាពអប្បបរមាពី២១-២៣°C និងសីតុណ្ហភាពអតិបរមាពី២៨-៣០°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី៥-៧ម៉ែត្រ/វិនាទី
* រលកសមុទ្រមានកម្ពស់ពី១,៥០-២,០០ ម៉ែត្រ។
ក្រសួងបានអំពាវនាវឲ្យមានការប្រុងប្រយ័ត្ន ថែរក្សាសុខភាព ស្លៀកសម្លៀកបំពាក់ឱ្យបានគត់មត់ ដើម្បីបង្ការពីជំងឺដង្កាត់នានា ដែលអាចកើតមានឡើងជាយថាហេតុ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។