មនុស្ស​ស្លាប់​៧០​នាក់ ក្នុង​ជំរំ​ជនភៀសខ្លួន​នៅ​ហ្កា​ហ្សា ដោយ​ការវាយប្រហារ​តាមផ្លូវ​អាកាស​របស់​អ៉ី​ស្រា​អែល​

​ក្រសួងសុខាភិបាល​នៅក្នុង​តំបន់​ហ្កា​ហ្សា គ្រប់គ្រង​ដោយ​ក្រុម​ហា​ម៉ាស​បានឱ្យដឹងថា​មនុស្ស​យ៉ាងហោច ៧០​នាក់ ត្រូវបាន​សម្លាប់​នៅក្នុង ការវាយប្រហារ​តាមផ្លូវ​អាកាស​របស់​អ៉ី​ស្រា​អែល កាលពី​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​កន្លងទៅនេះ ត្រូវចំ​ផ្ទះ​ជាច្រើន​ខ្នង​នៅឯ​ជំរំ​ជនភៀសខ្លួន​មួយកន្លែង​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន AFP នៅ​ថ្ងៃ​ចន្ទ ទី​២៥ ខែធ្នូ ឆ្នាំ​២០២៣​។​

​តាម​ក្រសួងសុខាភិបាល​ហ្កា​ហ្សា ការវាយប្រហារ​ខាងលើ​បាន​បំផ្លាញ​ផ្ទះ​ជាច្រើន​ខ្នង នៅក្នុង​ជំរំ​ជនភៀសខ្លួន Al-Maghazi ស្ថិតនៅ​ភាគ​ខាង​កណ្ដាល នៃ​ដែនដី​ប៉ា​ឡេ​ស្ទី​ន​។ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ហ្កា​ហ្សា លោក Ashraf al-Qudra ក៏បាន​បង្ហាញ​ការព្រួយបារម្ភ​ផងដែរ​ថា​ចំនួន​អ្នកស្លាប់​អាច​នឹង កើនឡើង ដោយសារ​តែមាន​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ច្រើន​គ្រួសារ​រស់នៅក្នុង​ជំរំ​ជនភៀសខ្លួន​នេះ​។ ដោយឡែក ក្នុង​ហេតុការណ៍​ដាច់ដោយឡែក​មួយទៀត ក្រសួងសុខាភិបាល​ហ្កា​ហ្សា បាន​បញ្ជាក់ថា​មនុស្ស​១០​នាក់ ជា​សមាជិក​ក្នុង​គ្រួសារ​តែមួយ ត្រូវបាន​សម្លាប់​ក្នុងការ​វាយប្រហារ​តាមផ្លូវ​អាកាស​របស់ អ៉ី​ស្រា​អែល​ត្រូវចំ​ផ្ទះ​របស់​ពួកគេ នៅឯ​ជំរំ​ជនភៀសខ្លួន Jabalia ស្ថិតនៅ​ភាគ​ខាងជើង​នៃ​តំបន់​ហ្កា​ហ្សា​។​

​គួរ​បញ្ជាក់ថា ខាង​យោធា​អ៉ី​ស្រា​អែល មិន​បានធ្វើ​អត្ថាធិប្បាយ​អ្វី​ឆ្លើយតប​ទៅនឹង​ការអះអាង​របស់​ក្រសួងសុខាភិបាល​ហ្កា​ហ្សា​នោះទេ ដោយ​គ្រាន់តែ និយាយ​យ៉ាងខ្លី​ថា​កងទ័ព​អ៉ី​ស្រា​អែល​កំពុង​ពិនិត្យ​លើ​សេចក្ដីរាយការណ៍​៕

​ប្រភព​៖ Fresh News​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close