មនុស្សរាប់ម៉ឺននាក់ រងផលប៉ះពាល់ពីទឹកជំនន់ លើភាគខាងត្បូងប្រទេសថៃ
ទឹកជំនន់ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានបង្កផលប៉ះពាល់ដល់ប្រជាជនរាប់ម៉ឺននាក់ រស់នៅភាគខាងត្បូងនៃប្រទេសថៃ ខណៈ ផ្លូវថ្នល់ និងផ្លូវដែកមួយចំនួនត្រូវផ្អាកការធ្វើចរាចរ ជាបណ្ដោះអាសន្ន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០២៣។
ក្រុមមន្ត្រីថៃ បានឱ្យដឹងកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថាសាលារៀនជាច្រើន នៅក្នុងខេត្ត Yala និង Narathiwat ក៏ត្រូវបង្ខំចិត្តបិទទ្វារបណ្ដោះអាសន្ន ផងដែរ ហើយរូបភាពជាច្រើនសន្លឹកបានបង្ហាញពីផ្ទះ និងហាងជាច្រើនត្រូវបានទឹកជន់លិច រីឯអ្នកខ្លះត្រូវឡើងទៅលើដំបូងផ្ទះ។
គួរបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំងបានចាប់ផ្ដើមធ្លាក់តាំងតែពីថ្ងៃសុក្រសប្ដាហ៍មុនមកម្ល៉េះ ហើយអាជ្ញាធរបានព្រមានប្រជាជននៅក្នុងខេត្តទាំង២ ខាងលើ ឱ្យត្រៀមលក្ខណៈជានិច្ច សម្រាប់ការជម្លៀសខ្លួន ប្រសិនបើស្ថានភាពទឹកជំនន់កាន់តែអាក្រក់។ ភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍ពី ជនរងគ្រោះណាម្នាក់ឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។