ជប៉ុន​៖ គ្រោះ​រញ្ជួយ​ដី​កម្រិតធ្ងន់ ឆក់យក​ជីវិត​មនុស្ស ៨​នាក់​

ប្រព័ន្ធ​ផ្សព្វផ្សាយ​ជប៉ុន NHK បាន​រាយការណ៍​ថា​ចំនួន​អ្នកស្លាប់​បាន​កើន​ដល់ ៨​នាក់ នៅក្នុង​ខេត្ត Ishikawa ប្រទេស​ជប៉ុន ក្រោយ​គ្រោះ​រញ្ជួយ​ដី កម្រិតធ្ងន់ ៧.៦​រ៉ិ​ច​ទ័​រ​វាយប្រហារ​ភាគ​កណ្ដាល​នៃ​ប្រទេស កាលពី​ថ្ងៃ​ចន្ទ ទី​១ ខែមករា ម្សិលមិញ​នេះ​។ នេះ​បើតាម​ការដកស្រង់​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ សារព័ត៌មាន AFP នៅ​ថ្ងៃ​អង្គារ ទី​២ ខែម​រា ឆ្នាំ​២០២៤​។​

​តាម NHK ក្នុងចំណោម​ជនរងគ្រោះ​ទាំង​៨​ខាងលើ មាន​បុរស​ចំណាស់​ម្នាក់​ត្រូវបាន​បញ្ជាក់ថា​បាន​ស្លាប់ បន្ទាប់ពី​ត្រូវបាន​ជួយសង្គ្រោះ​ចេញពី​ផ្ទះមួយ​ខ្នង​ដែល បាន​បាក់​រលំ ដោយសារ​គ្រោះ​រញ្ជួយ​ដី​។ ចំណែក មនុស្ស​រាប់សិប​នាក់​ផ្សេងទៀត​ដែល​បាន​រងរបួស ត្រូវបាន​រាយការណ៍​នៅក្នុង​ខេត្ត shikawa, Niigata, Fukui, Toyama និង​ខេត្ត Gifu ខណៈ​ក្នុង​ទីក្រុង Wajima នៃ​ខេត្ត Ishikawa មាន​អគារ​ជាង​ផ្ទះ និង​ហាង​ទំនិញ​ជាង​១០០​ឆ្នាំ​ត្រូវបាន​ភ្លើង​ឆេះ បន្ទាប់ពី​មាន ហេតុការណ៍​គ្រោះ​រញ្ជួយ​ដី​កើតឡើង​។ ទីក្រុង Wajima រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​ពី​គ្រោះ​រញ្ជួយ​ដី​នេះ​។​

​គួរ​បញ្ជាក់ថា បើតាម​ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន ការ​រំ​ញ័រ​ប្រហែលជា​៩០​ដង​បាន​កើតឡើង ក្រោយ​គ្រោះ​រញ្ជួយ​ដី​កាលពី​ថ្ងៃ​ចន្ទ និង​បង្ខំ​ឱ្យ​អាជ្ញាធរ​ប្រកាសអាសន្ន ពី​រលក​ស៊ូណាមិ ព្រមទាំង​បង្គាប់​ការជម្លៀស​ប្រជាជន ទៅកាន់​កន្លែង​មាន​សុវត្ថិភាព​។ ប៉ុន្តែ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ការប្រកាសអាសន្ន​ពី​រលក​ស៊ូណាមិ និង​ការណែនាំ​ផ្សេងៗ​ត្រូវបាន​ដកចេញ​វិញ រីឯ​ទំហំ​នៃ​ការខូចខាត​កំពុងស្ថិត​នៅក្រោម​ការវាយតម្លៃ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close