​បាត់​ខ្លួន​មនុស្ស​ជាង​៥០​នាក់ មិនទាន់​រកឃើញ ក្នុង​គ្រោះ​រញ្ជួយ​ដី​នៅ​ជប៉ុន​

មនុស្ស​ច្រើនជាង ៥០​នាក់​ត្រូវបាន​រាយការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា កំពុង​បាត់​ខ្លួន​នៅឡើយ ខណៈ​ក្រុម​សង្គ្រោះ​ជប៉ុន​បន្ត​ព្យាយាម​ស្វែងរក​ពួកគេ ៣​ថ្ងៃ​មកហើយ​បន្ទាប់ពី​គ្រោះ​រញ្ជួយ​ដី​វាយប្រហារ​ប្រទេស​ជប៉ុន បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​កើនឡើង​ដល់ ៧៨​នាក់​គិត​ត្រឹម​ថ្ងៃ​ពុធ​សប្តាហ៍​នេះ​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៤ ខែមករា ឆ្នាំ​២០២៤​។​

​ស្រប​ពេលដែល​ប្រតិបត្តិ​ការស្វែងរក អ្នក​នៅ​រស់រានមានជីវិត​កំពុង​បន្ត សហគមន៍​ជាច្រើន​នៅតែ​តែ​ស្ងប់ស្ងាត់ ដោយសារតែ​ក្តីបារម្ភ​អំពី​បំណាក់​ដី និង​ការ​ផ្លូវ​បិទ​នៅ​ភាគ​កណ្តាល​ប្រទេស​ជប៉ុន​។ អាជ្ញាធរ​ក្នុង​តំបន់ បាន​និយាយថា ហេតុការណ៍​រញ្ជួយ​ដី​ដ៏​ខ្លាំ​ក្លា​អមដោយ​ការរញ្ជួយ​ដី​កម្រិត​តិចតួច​ទៀត​នោះ បណ្តាល​ឲ្យ​មនុស្ស​ចំនួន ៣៣០​នាក់​រងរបួស​។ មកទល់នឹង​ថ្ងៃ​ព្រហស្បតិ៍​នេះ ស្ថានភាព​របស់​មនុស្ស​ចំនួន ៥១​នាក់​នៅតែ​មិនទាន់​អាច​បញ្ជាក់បាន​។ ពលរដ្ឋ​ប្រហែល ២៩,០០០​គ្រួសារ នៅ​ខេត្ត Ishikawa ត្រូវ​គ្មាន​អគ្គិសនី​ប្រើប្រាស់ ហើយ​ផ្ទះ​ជាង ១១០,០០០​ខ្នង នៅ​ទូទាំង Ishikawa និង​តំបន់​ជិតខាង​ចំនួន ២​មិនមាន​ទឹក​សម្រាប់​ប្រើប្រាស់​។​

​គួរ​បញ្ជាក់ថា ទាហាន អ្នក​ពន្លត់អគ្គីភ័យ និង​ប៉ូលិស​រាប់ពាន់​នាក់មក​ពី​ទូទាំងប្រទេស​ជប៉ុន កំពុង​ស្វែងរក​មនុស្ស នៅតាម​គំនរ​បាក់បែក​នៃ​ផ្ទះ​ឈើ និង​អគារ​ពាណិជ្ជកម្ម​ដែល​ដួលរលំ ដោយ​សង្ឃឹមថា​នឹងមាន​នៅមាន​ជីវិត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close