ចំនួន​អ្នកស្លាប់​កើន​ដល់​ជិត ១០០​នាក់ និង​ជាង ២០០​នាក់​ទៀត បាត់​ខ្លួន ក្នុង​គ្រោះ​រញ្ជួយ​ដី​កម្រិតធ្ងន់ នៅ​ជប៉ុន

​ក្រុមមន្ត្រី​នៅក្នុង​ប្រទេស​ជប៉ុន នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​៥ ខែមករា​នេះ​បានឱ្យដឹងថា តួលេខ​អ្នកស្លាប់ បន្ទាប់ពី​គ្រោះ​រញ្ជួយ​ដី​កម្រិតធ្ងន់ បាន​វាយប្រហារ​ចំ​តំបន់​ភាគ​កណ្តាល​ប្រទេស​ជប៉ុន កាលពី​ថ្ងៃ​ចូលឆ្នាំ​សកល​កន្លងទៅ បាន​បន្ត​កើន​ដល់ ៩២​នាក់ ខណៈ​អ្នក​បាត់​ខ្លួន​ក៏បាន កើន​ដល់ ២៤២​នាក់​ផងដែរ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​

​គិត​ត្រឹម​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ពោល ៧២​ម៉ោង​ក្រោយ​គ្រោះ​រញ្ជួយ​ដី ស្ត្រី​ចំណាស់ ២​នាក់​បាន​នៅ​រស់រានមានជីវិត និង​ត្រូវបាន ក្រុម​អ្នក​ជួយសង្គ្រោះ​ទាញ​ចេញពី​គំនរ​បែកបាក់​នៃ​ផ្ទះ​របស់​ពួកគេ​ដែល​បាន​បាក់​រលំ នៅក្នុង​ទីក្រុង Wajima ដែលជា​ទីក្រុង​មួយ​រងគ្រោះ​ធ្ងន់ធ្ងរ ជាងគេ​ដោយសារ​គ្រោះ​រញ្ជួយ​ដី​។​

​គួរ​បញ្ជាក់ថា គ្រោះ​រញ្ជួយ​ដី​ខ្លាំងៗ​បន្តបន្ទាប់​គ្នា ក្នុងនោះ​រួមមាន​ទាំង​កម្រិត​៧.៦​រ៉ិ​ច​ទ័​រ បាន​វាយប្រហារ​ជប៉ុន កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ​។ គិត​ចាប់តាំងពី​ពេលនោះ ជប៉ុន​បាន​កត់ត្រា​ការកើតមាន​រំ​ញ័រ សរុប​យ៉ាងហោច​១៥៥​លើក​។ អាជ្ញាធរ​ជប៉ុន ក៏បាន​ប្រកាសអាសន្ន​ពី រលក​ស៊ូណាមិ​ផងដែរ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ បានសម្រេច​ដក​ការប្រកាសអាសន្ន​នោះ​ចេញ​វិញ​។​

​តាម​អាជ្ញាធរ​ជប៉ុន មនុស្ស​យ៉ាងហោច ៣៣០​នាក់​បាន​រងរបួស​។ ចំណែក​ប្រជាជន ៣០,០០០​គ្រួសារ​កំពុង​គ្មាន​អគ្គិសនី​ប្រើប្រាស់ ជាពិសេស នៅក្នុង​ខេត្ត Ishikawa ហើយ​ផ្ទះ ៨៩,៨០០​ខ្នង នៅក្នុង​ខេត្ត​មួយ​នេះ និង​តំបន់​ក្បែរ​ខាង​ចំនួន ២​ទៀត គ្មាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់ ខណៈ ទំហំ​នៃ​ការខូចខាត​កំពុង​ស្ថិតក្រោម​ការវាយតម្លៃ​នៅឡើយ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close