ក្មេង​ទំនើង​ជា​ភេទ​ទី​៣ និង​បក្ខពួក​៣​នាក់​ទៀត ត្រូវបាន​ឃាត់ខ្លួន នៅ​ស្រុក​ព្រៃនប់ ពាក់ព័ន្ធ​ករណី​ហិង្សា​លើ​ក្មេងស្រី​សិស្សសាលា

ជនដៃដល់​ដែលជា​ភេទ​ទី​៣ និង​បក្ខពួក​សរុប​ចំនួន​៤​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន នៅ​ចំណុច​រង្វង់​មូល​វាលរេញ ស្ថិតក្នុង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ពាក់ព័ន្ធ​ករណីនេះ​ប្រើប្រាស់​អំពើហិង្សា​លើ​ក្មេងស្រី​សិស្សសាលា​ម្នាក់​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជួន ណា​រិន្ទ​។​

​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២៤ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជួន ណា​រិន្ទ អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ជន​ទាំង​៤​នាក់​នេះ មាន​ទាំង​អ្នកដៃដល់ អ្នក​ថត​វីដេអូ និង​អ្នកផ្សំគំនិត​ដើម្បី​ធ្វើ​សកម្មភាព​។​

​លោក​បាន​អះអាង​ទៀតថា នៅពេលនេះ​ក្រុម​ជនបង្ក​ទាំងអស់នេះ កំពុង​ត្រូវបាន​បញ្ជូនបន្ដ​មកកាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សួរនាំ និង​ចាត់វិធានការ​តាម​នីតិវិធី​។​

​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ចាប់ខ្លួន​សិស្សសាលា​មួយក្រុម ដែល​ព្រួត​គ្នា​វាយ​សិស្សស្រី​ម្នាក់ ក្រោយ​វីដេអូ​ប្រើ​ហិង្សា​ត្រូវបាន​ចែកចាយ​ពេញ​បណ្ដាញ​សង្គម​, អំពាវនាវ​អាណាព្យាបាល​នាំ​កូន​មក​កន្លែង​សមត្ថកិច្ច​

​នៅ​ល្ងាច​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២៤​នេះ មាន​ផ្ទុះ​នូវ​ការ​ចែកចាយ​វីដេអូ​មួយ​នៅតាម​បណ្ដាញ​សង្គម ដោយ​បង្ហាញ​អំពី​សកម្មភាព​ក្មេង​សិស្សសាលា​មួយក្រុម (​ភេទ​ទី​៣ និង​ស្រី​) បាន​ព្រួត​វាយ​សិស្សស្រី​ម្នាក់ នៅ​ដី​វាល​មួយកន្លែង តែ​គេ​សង្ស័យថា ហេតុការណ៍​នេះ​កើតឡើង​នៅក្នុង​ភូមិសាស្ដ្រ​រាជធានី​ភ្នំពេញ​។​

​តាមរយៈ​វីដេអូ​ដែល​ត្រូវបាន​គេ​ចែកចាយ​នោះ ឃើញថា​បុគ្គល​ភេទ​ទី​៣​ម្នាក់ និង​បក្ខពួក បាន​ប្រើប្រាស់​អំពើហិង្សា​ទៅលើ​ក្មេងស្រី​វ័យ​ជំទង់​ម្នាក់ទៀត ដែលជា​គូទំនាស់ ខណៈ​ដើមចម​នៃ​រឿងរ៉ាវ​នេះ​មិនទាន់​ដឹងថា ផ្ដើមចេញពី​រឿង​អ្វី​នោះទេ​។ តែ​ត្រង់ចំណុច​មួយ​នោះ បុគ្គល​ភេទ​ទី​៣ បាន​និយាយថា គេ​ជា​សិស្ស​ថ្នាក់​ទី​១១ នៃ​វិទ្យាល័យ​ហ៊ុនសែន​ចាក់អង្រែ​។​

​គួរ​ជម្រាប​ថា វីដេអូ​ប្រហែល​៣​នាទី ដែល​ត្រូវបាន​គេ​ចែកចាយ​តាម​បណ្ដាញ​សង្គម​បង្ហាញ​ពី​ទង្វើ​អសីលធម៌​របស់​យុវជន យុវតី​មួយក្រុម​នេះ ទាំង​ដែល​ពួកគេ​ស្លៀក​សម្លៀកបំពាក់​ឯកសណ្ឋាន​សិស្សសាលា អាវ​ស សំពត់​ខៀវ បែរជា​នាំគ្នា​ប្រព្រឹត្ត​អំពើ​មិនគួរ​គប្បី​ទៅវិញ​៕

​ប្រភព​៖ Fresh News

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close