គ្រោះ​រញ្ជួយ​ដី​នៅ​ជប៉ុន មាន​អ្នកស្លាប់​កើន​ដល់ ១៦១​នាក់ និង​បាត់​ខ្លួន ១០៣​នាក់​

​ក្រុមមន្ត្រី​នៅក្នុង​ប្រទេស​ជប៉ុន បានឱ្យដឹង​នៅ​ថ្ងៃ​ចន្ទ ទី​៨ ខែមករា ឆ្នាំ​២០២៤​នេះ​ថា​ចំនួន​អ្នកស្លាប់​នៅក្រោយ​គ្រោះ​រញ្ជួយ​ដី​កម្រិត ៧.៦​រ៉ិ​ច​ទ័​រ កាលពី​ថ្ងៃ​ចូលឆ្នាំ​សកល​កន្លងទៅ បាន​កើន​ដល់​១៦១​នាក់ ខណៈ​ព្រិល​ធ្លាក់​កំពុង​បង្ក​ភាពស្មុគស្មាញ​ដល់​ប្រតិបត្តិការ​ជួយសង្គ្រោះ​។ នេះ​បើតាម​ការចេញ ផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន AFP​។​

​បើតាម​ក្រុមមន្ត្រី​នៅក្នុង​ខេត្ត Ishikawa ចំនួន​អ្នក​បាត់​ខ្លួន​ថយចុះ​ពី​១៩៥​នាក់ មក​នៅត្រឹម​១០៣​នាក់​។ ចំណែក ប្រជាជន ២០,៧០០​គ្រួសារ​ក្នុង​ខេត្ត​មួយ នេះ​គ្មាន​អគ្គិសនី​ប្រើប្រាស់​កាលពី​ថ្ងៃអាទិត្យ និង​៦៦,១០០​គ្រួសារ​គ្មាន​ទឹក​ប្រើ​គ្រប់គ្រាន់​។ នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ NHK កាលពី​ថ្ងៃអាទិត្យ ចុង​សប្ដាហ៍​ទៅ លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន Fumio Kishida បាន​និយាយថា​ការងារ​ជា​អាទិភាព គឺ​ជួយសង្គ្រោះ​មនុស្ស​ចេញពី​គំនរ​បែកបាក់ និង​ផ្ដល់ជំនួយ​ទៅកាន់​សហគមន៍​ដាច់ស្រយាល​។​

​គួរ​បញ្ជាក់ថា ជប៉ុន កាលពី​ឆ្នាំ​២០១១ បាន​រងគ្រោះ​ដោយសារ​ការរញ្ជួយ​ដី​ដ៏​មហា​ប្រល័យ បង្ក​ជា​រលក​យក្ស​ស៊ូណាមិ និង​ដែល​បាន​បន្សល់ទុក​មនុស្ស ប្រហែលជា ១៨,៥០០​នាក់​ស្លាប់ ឬ​បាត់​ខ្លួន ហើយ​បង្ក​ជា​គ្រោះមហន្តរាយ​នៅ​រោងចក្រ​នុយក្លេអ៊ែរ Fukushima ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close