រញ្ជួយ​ដី​កម្រិត ៧.១​រ៉ិ​ច​ទ័​រ វាយប្រហារ​តំបន់ Xinjiang ប្រទេស​ចិន បណ្តាល​ឲ្យ​មនុស្ស​ជាច្រើន​រងរបួស

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ចិន បាន​រាយការណ៍​ថា មានការ​រញ្ជួយ​ដី​កម្រិត ៧.១​រ៉ិ​ច​ទ័​រ វាយប្រហារ​លើ​តំបន់ Xinjiang របស់​ចិន ដែល​នៅជាប់​នឹង​ព្រំដែន​នៃ​ប្រទេស​កា​ហ្ស៉ី​ស្ថាន នៅ​ថ្ងៃ​អង្គារ​នេះ បណ្តាល​ឲ្យ​មនុស្ស​ជាច្រើន​រងរបួស និង​ផ្ទះ​ជាច្រើន​ខ្នង​ដួលរលំ​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​អង្គារ ទី​២៣ ខែមករា ឆ្នាំ​២០២៤​។​

​រដ្ឋបាល​ទទួលបន្ទុក​គ្រោះ រញ្ជួយ​ដី​ចិន​បាន​ឲ្យ​ដឹងថា ការរញ្ជួយ​ដី​កើតឡើង​នៅ​ម៉ោង ២​និង ៩​នាទី​រំលង​អា​ធ្រា​ត (​ម៉ោង​ក្នុង​តំបន់​) ហើយ​មាន​ជម្រៅ ២២​គីឡូម៉ែត្រ នៅ​សហគមន៍​ជនជាតិភាគតិច Wushi ដែល​ស្ថិត​នៅជាប់​នឹង​ភ្នំ ក្នុង​តំបន់ Xinjiang ភាគ​ពាយព្យ​នៃ​ប្រទេស​ចិន​។ ចំណុចកណ្តាល​នៃ​ការរញ្ជួយ​ដី​នេះ​នៅ​ចម្ងាយ​ប្រហែល ៥០​គីឡូម៉ែត្រ​ពី​សហគមន៍ Wushi ដែលមាន​ភូមិ​ចំនួន ៥​នៅក្នុង​រង្វង់ ២០​គីឡូម៉ែត្រ​ជុំវិញ​ចំណុចកណ្តាល​នៃ​ការរញ្ជួយ​។​

​នៅក្បែរ​ប្រទេស​កា​ហ្សា​ក់​ស្ថាន​ឯណោះ​វិញ ក្រសួង​ទទួលបន្ទុក​កិច្ចការ​សង្គ្រោះបន្ទាន់ បាន​រាយការណ៍​ពី​ករណី​រញ្ជួយ​ដី​ថ្មី​ចុងក្រោយ​កម្រិត ៦.៧​រ៉ិ​ច​ទ័​រ​។ អ្នកស្រុក​នៅ​ទីក្រុង​ដ៏​ធំ​បំផុត​របស់​កា​ហ្សា​ក់​ស្ថាន គឺ​អាល់​ម៉ា​ទី បាន​ភៀសខ្លួន​ចេញពីផ្ទះ​សម្បែង​របស់​ពួកគេ ហើយ​ប្រមូលផ្តុំ​នៅ​ខាងក្រៅ​ទោះបី​ជាមាន​អាកាសធាតុ​ត្រជាក់​ក្តី​។ ប៉ុន្តែ​គ្មាន សេចក្តីរាយការណ៍​អំពី​ការ ខូចខាត​នោះទេ ។ ក្រោយមក​ប្រហែល ៣០​នាទី​ក៏មាន​ការរញ្ជួយ​ដី​នៅ​ប្រទេស​អ៊ូ​ស​បេ​គី​ស្ថាន​ផងដែរ​។​

​គួរ​បញ្ជាក់ថា ក្នុង​រយៈពេល ២៤​ម៉ោង​កន្លងមកនេះ តំបន់ Xinjiang បាន​រង​នូវ​ការវាយប្រហារ​ដោយ​ការរញ្ជួយ​ដី​ក្នុង​កម្រិត​ខុសៗ​គ្នា ប៉ុន្មាន​លើក​រួម​មកហើយ​៕

​រូបភាព​ពី Xinhua

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close