​ប្រាក់​បាត​ថៃ អាច​នឹង​បន្ត​ធ្លាក់​ថ្លៃ នៅ​ឆ្នាំ​២០២៤ ក្រោយ​ធ្លាក់ចុះ ៤​ភាគរយ​នៅ​ខែមករា​

​ប្រាក់​បាត​របស់​ប្រទេស​ថៃ​នៅ​ខែម​ករានេះ អាច​នឹង​ជួប​ការធ្លាក់​ថ្លៃ​ខ្លាំង​បំផុត​គិត​ចាប់ពី​ឆ្នាំ​២០២០​មក ក្រោយពី​បាន​ធ្លាក់ចុះ​ជិត ៤% ធៀប​នឹង​ប្រាក់​ដុល្លារ ហើយ​ភាព​អាច​កើតមាន​លំហូរ​មូលធន​ចេញ​នៅពេល​ខាងមុខ​អាចដាក់​បន្ទុក​បន្ថែមទៀត​ចំពោះ​តម្លៃ​រូបិយប័ណ្ណ​នេះ​។ នេះ​បើ​យោងតាម​កាសែត​បាងកក​ប៉ុស្តិ៍​។​

​ប្រាក់​បាត​គឺជា​រូបិយប័ណ្ណ​ដែល​ល្អ​បំផុត​នៅ​អាស៊ី​កំពុងអភិវឌ្ឍន៍​នៅ​ត្រីមាស​ទី​៤ ឆ្នាំមុន​តែ​កំពុង​ដើរ​ឆ្ពោះទៅរក​ការ​ក្លាយជា​រូបិយប័ណ្ណ​ដែល​ធ្លាក់​ថ្លៃ​ខ្លាំង​បំផុត​នៅ​ឆ្នាំនេះ ខណៈដែល​មូលនិធិ​សកល​បាន​ងាក​ចេញពី​ទ្រព្យសកម្ម​របស់​ថៃ​ក្នុង​គ្រា​ដែលមាន​ការជជែក​ដេញដោល​គ្នា​រវាង​រដ្ឋាភិបាល និង​ធនាគារកណ្តាល​ថៃ​ពាក់ព័ន្ធ​នឹង​វិធាន​ការជំរុញ​សេដ្ឋកិច្ច​ថៃ​ដែល​កំពុង​ជួប​ការ​លំ​បា​។​

​យោងតាម​កាសែត​បាងកក​ប៉ុស្តិ៍ លោក Julapun Amornvivat អនុរដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ថៃ​បាន​ថ្លែង​កាលពី​សប្តាហ៍​មុន​ថា រដ្ឋាភិបាល​ថៃ​ព្រួយបារម្ភ​ថា អត្រា​ការប្រាក់​ដែល​បាន​កើន​ឡើងដល់​កម្រិត​ខ្ពស់​រយៈពេល ១០​ឆ្នាំ​កំពុង​រារាំង​ដល់​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​។ ការលើកឡើង​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​ធនាគារកណ្តាល​ថៃ​បាន​រុញ​ចោលការ​អំពាវនាវ​រប​ស់​រដ្ឋាភិបាល​ឱ្យ​កាត់បន្ថយ​អត្រា​ការប្រាក់​ដោយនិយាយ​ថា ការទម្លាក់​អត្រា​ការប្រាក់​មិនអាច​ដោះស្រាយ​បញ្ហា​រចនាសម្ព័ន្ធ​ក្នុង​សេដ្ឋកិច្ច​ថៃ​បានទេ​។​

​លោក Alvin Tan ប្រធាន​យុទ្ធសាស្ត្រ​នៃ​ក្រុមហ៊ុន Asia FX នៅ RBC Capital Markets ក្នុងប្រទេស​សិង្ហ​បុរី​បាន​ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍​ថា ប្រាក់​បាត​នឹង​បន្ត​រង​សម្ពាធ​ពី​ប្រតិកម្ម​នយោបាយ​ដែល​កំពុង​កើនឡើង​ប្រឆាំងនឹង​កម្រិត​អត្រា​ការប្រាក់​គោលនយោបាយ​បច្ចុប្បន្ន​។​

​នៅ​សប្តាហ៍​មុន ប្រាក់​បាត​ត្រូវបាន​ជួញដូរ​ក្នុងតម្លៃ ៣៥,៦៣​បាត​ក្នុង​មួយ​ដុល្លារ​។​

​លំហូរ​ចេញ​ភាគហ៊ុន​សុទ្ធ​ដោយ​វិនិយោគិន​បរទេស​មាន​ចំនួន​សរុប ៨០៨​លាន​ដុល្លារ​នៅ​ឆ្នាំនេះ ខណៈដែល​ស​ន្ទ​ស្សន៍​ភាគហ៊ុន​គោល​បាន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​រយៈពេល​បី​ឆ្នាំ​កាលពី​សប្តាហ៍​មុន​ក្នុង​គ្រា​ពេល​មានការ​ព្រួយបារម្ភ​អំពី​កំណើនសេដ្ឋកិច្ច​។ មូល​ប​ត្រ​បំណុល​របស់​ប្រទេស​ថៃ​មិនមាន​ភាព​ទាក់ទាញ​នោះទេ ខណៈដែល​ទីផ្សារ​បាន​មើលឃើញ​លំហូរ​ចេញ​បន្ទាប់ពី​កើតមាន​ការបរាជ័យ​ស​ង​បំណុល​នាពេល​ថ្មីៗ​នេះ ហើយ​រឿងអាស្រូវ​គណនេយ្យ​ដ៏​ធំ​មួយ​បាន​ប៉ះពាល់​ដល់​អារម្មណ៍​របស់​ក្រុម​វិនិយោគិន​។ នេះ​បើ​យោងតាម​កាសែត​បាងកក​ប៉ុស្តិ៍​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close