កូរ៉េខាងជើង ប្រកាស​ពី​ការធ្វើ​តេស្ត​បាញ់​មី​ស៉ី​ល​គ្រូ​ស​យុទ្ធសាស្ត្រ កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ

នៅ​ថ្ងៃ​ពុធ​នេះ កូរ៉េខាងជើង​បានប្រកាស​ថា ខ្លួន​ទើបតែ​ទទួលជោគជ័យ​ក្នុង​ការបាញ់​តេស្ត មី​ស៉ី​ល​គ្រូ​ស​យុទ្ធសាស្ត្រ​មួយ ដែល​បាន​ប្រព្រឹត្តទៅ កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន AFP នា​ថ្ងៃ​ពុធ ទី​៣១ ខែមករា ឆ្នាំ​២០២៤​។​

​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA បាន​រាយការណ៍​ថា មី​ស៉ី​ល​គ្រូ​ស​ខាងលើ ដែលមាន​ឈ្មោះ Hwasal-2 ត្រូវបាន​បាញ់​សំដៅទៅ​សមុទ្រ​ខាងលិច កាលពី​ថ្ងៃ​អង្គារ​។ យោធា​កូរ៉េខាងត្បូង ចាប់បាន​សញ្ញា​នៃ​ការធ្វើ​តេស្ត​មី​ស៉ី​ល​គ្រូ​ស​កូរ៉េខាងជើង​ដំបូង កាលពី​ម្សិលមិញ ហើយ​បាន​និយាយថា កូរ៉េខាងជើង​បាន​បាញ់​តេស្ត​មី​ស៉ី​ល​នោះ លើសពី​១​គ្រាប់​។​

​ក្នុង​ខែមករា ដើមឆ្នាំ​ថ្មី​នេះ ទីក្រុង​ព្យុងយ៉ាង​បានធ្វើ​តេស្ត​សព្វាវុធ​ផ្សេងៗ​ជា​បន្តបន្ទាប់ រួមមាន​ដូចជា ប្រព័ន្ធ​អាវុធ​នុយក្លេអ៊ែរ​ក្រោម​ទឹក មី​ស៉ី​ល​បា​លិ​ស្ទីគ​ល្បឿន​លឿន​ជាង​សំឡេង ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ឥន្ធនៈ​រឹង ហើយ​និង​មី​ស៉ី​ល​គ្រូ​ស​យុទ្ធសាស្ត្រ​ជំនាន់​ថ្មី​។ មី​ស៉ី​ល Hwasal-2 គឺ​ធ្លាប់​ត្រូវបាន​កូរ៉េខាងជើង​បាញ់​តេស្ត​ពីមុនមក​។ ខុសពី​មី​ស៉ី​ល​បា​លិ​ស្ទីគ ការធ្វើ​តេស្ត​មី​ស៉ី​ល​គ្រូ​ស មិន​ស្ថិតនៅក្រោម​ការហាមឃាត់​នៃ​ទណ្ឌកម្ម​បច្ចុប្បន្ន​របស់ UN លើ​ទីក្រុង​ព្យុងយ៉ាង​ឡើយ​។​

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​មុន កូរ៉េខាងជើង​បាន​បាញ់​តេស្ត​មី​ស៉ី​ល Pulhwasal-3-31 ចំនួន​២​គ្រាប់ ចេញពី​នាវាមុជទឹក ក្រោម​ការត្រួតពិនិត្យ​ដោយផ្ទាល់ ពី​សំណាក់​មេដឹកនាំ​កំពូល លោក គីម ជុង​អ៊ុន​។ មី​ស៉ី​ល​នោះ គឺជា​មី​ស៉ី​ល​គ្រូ​ស​យុទ្ធសាស្ត្រ​ប្រភេទ​ថ្មី​របស់​កូរ៉េខាងជើង​៕

​ប្រភព​៖ Fresh News​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close