បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ជាង ១០​គីឡូក្រាម ចាប់ខ្លួន​មនុស្ស ៤​នាក់ នៅ​ខេត្តសៀមរាប​

​សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​បង្ក្រាប​ករណី​ជួញដូរ រក្សាទុក​គ្រឿងញៀន ចាប់ខ្លួន​ជនល្មើស​ចំនួន ៤​នាក់ និង​រឹបអូស​គ្រឿងញៀន​ជាង ១០ គីឡូក្រាម នៅ​ភូមិសាស្ត្រ​ខេត្តសៀមរាប​។​

​ការបង្ក្រាប​នេះ អនុវត្តតាម​បញ្ជា​របស់​នាយ​ឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧត្ដមសេនីយ៍ ម៉ក់ ជី​តូ និង​ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គ​ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការបញ្ជា​ដឹកនាំ​ផ្ទាល់ របស់​ឧត្ដមសេនីយ៍ឯក ឃឹ​ង សារ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​។​

​មន្ត្រីនគរបាល​ជាន់ខ្ពស់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បានឱ្យដឹង​នៅ​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ​ថា នៅ​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២៤ វេលា​ម៉ោង ១២៖០០​នាទី កម្លាំង​ជំនាញ (​ក​១) ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ិន សុង​, វរសេនីយ៍ឯក ហុង វណ្ណា​រិ​ទ្ធ នាយករង​មន្ទីរ វរសេនីយ៍ទោ កើត រ៉ាវី និង​វរសេនីយ៍ទោ រឹម ម៉ិច នាយរង​ការិយាល័យ (​ក​១) សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដឹកនាំ​សម្របសម្រួល​ដោយ​លោក ប៉ុក តារា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តសៀមរាប បាន​ស្រាវជ្រាវ ស៊ើបអង្កេត បង្ក្រាប​ករណី ជួញដូ រក្សាទុករ​គ្រឿងញៀន​នៅ ៣​គោលដៅ​ផ្សេង​ជា​បន្តបន្ទាប់​៖ គោលដៅ​ទី​១៖ តាម​បណ្តោយ​ផ្លូវ​ក្រវ៉ាត់​ក្រុង (​ផ្លូវបំបែក​ផ្សារ​ក្រោម​) ភូមិក​ក្រាញ់ សង្កាត់​សៀមរាប ក្រុង​សៀមរាប ខេត្តសៀមរាប គោលដៅ​ទី​២៖ ផ្ទះ​លេខ​០២៥ ផ្លូវ​ក្រុម​១ ភូមិ​ស្ពាន​ជ្រាវ សង្កាត់​សៀមរាប ក្រុង​សៀមរាប និង​គោលដៅ​ទី​៣៖ ផ្ទះ​គ្មាន​លេខ ភូមិ​ក្រសាំង​រលើង សង្កាត់​សៀមរាប ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​សម្រាប់​លទ្ធផល​បង្ក្រាបបាន កម្លាំង​ជំនាញ​ឃាត់ខ្លួន​ជនសង្ស័យ ៤​នាក់​៖ ១. ឈ្មោះ ផាន់ សុក​ជា ភេទ​ប្រុស ជនជាតិខ្មែរ ថ្ងៃខែ​ឆ្នាំ​កំណើត 0៦ ខែសីហា ឆ្នាំ​១៩៩១, ២.​ឈ្មោះ ភា ភ័​ក្រ ភេទ​ប្រុស ជនជាតិខ្មែរ ថ្ងៃខែ​ឆ្នាំ​កំណើត ១៩៨៨, ៣.​ឈ្មោះ ចេក សុផល ភេទ​ប្រុស ជនជាតិខ្មែរ ថ្ងៃខែ​ឆ្នាំ​កំណើត ០៤ ខែឧសភា ឆ្នាំ​១៩៩៨ និង​៤. ឈ្មោះ ជ្រឹង គឹម​សៀង ភេទ​ប្រុស ជនជាតិខ្មែរ ថ្ងៃខែ​ឆ្នាំ​កំណើត ១៩៩៤​។​

​កម្លាំង​ជំនាញ​បាន​ចាប់យក​វត្ថុតាង​រួមមាន​៖ សារធាតុ​ញៀន​ប្រភេទ​គ្រាប់ (WY) ចំនួន ១៧.៨០០ គ្រាប់ ទម្ងន់​សរុប ០១ គីឡូក្រាម ៦៩០.៣៤ ក្រាម និង​សារធាតុ​ញៀន​មេ​តំ​ហ្វេ​តា​មីន (ICE) ចំនួន ០៩​ដុំ ទម្ងន់​សរុប​០៨ គីឡូក្រាម ៩៩៩.៧៦ ក្រាម​។ សរុប​គ្រឿងញៀន ទម្ងន់ ១០ គីឡូក្រាម ៦៩០.១ ក្រាម​។​

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង​ចាប់​យកបាន ត្រូវ​សមត្ថកិច្ច​ជំនាញ​កំពុង​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប តាម​នីតិវិធី​។​

​សូមជម្រាបថា ដោយ​ទទួលបាន​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់ របស់​នាយ​ឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ ណែ​នាំឱ្យ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ធ្វើការ​បោសសម្អាត​ឧក្រិដ្ឋជន គ្រឿងញៀន​ឲ្យ​អស់​, កម្លាំង​ជំនាញ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដែល​ដឹកនាំ​ដោយ​ឧត្ដមសេនីយ៍ឯក ឃឹ​ង សារ៉ាត់ នាយក​មន្ទីរ បាន​ប្តេជ្ញាចិត្ត និង​ខិតខំ​ចុះបង្ក្រាប​គ្រឿងញៀន តាម​បណ្ដា​រាជធានី​-​ខេត្ដ យ៉ាង​សស្រាក់សស្រាំ​ដូច​ភ្លៀងរលឹម ធ្វើ​យ៉ាង​បង្ក្រាប​ឱ្យដល់​ឫសគល់​នៃ​បទល្មើស​។​

​រយៈពេល​ចុងក្រោយ​នេះ ករណី​ជួញដូរ​គ្រឿងញៀន​ធំៗ​ជាច្រើន ត្រូវបាន​បង្ក្រាប​ដោយ​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង​បាន​ឃាត់ខ្លួន​ឧក្រិដ្ឋជន​ជាច្រើន​នាក់ បញ្ជូនទៅ​ផ្តន្ទាទោស​នៅ​តុលាការ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close