យប់មិញ! សមត្ថកិច្ចភ្នំពេញ ឃាត់យានយន្ដល្មើស ១០២គ្រឿង
លទ្ធផលនៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យជាតិអាល់កុល នៅយប់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់យានយន្ដល្មើសចំនួន១០២គ្រឿង ក្នុងនោះរថយន្តចំនួន ៣៤គ្រឿង និងម៉ូតូ ៦៨គ្រឿង។
ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា សំដៅទប់ស្កាត់ និងបង្ការករណីគ្រោះថ្នាក់ចរាចរណ៍ ដែលជាសញ្ញាណគួរឲ្យព្រួយបារម្ភ។
ជាលទ្ធផល តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹត បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖ ឃាត់យានយន្តល្មើស សរុបចំនួន ១០២គ្រឿង (រថយន្ត ចំនួន ៣៤គ្រឿង និងម៉ូតូចំនួន ៦៨គ្រឿង)៖
ទី១៖ ល្មើសជាតិស្រវឹង ចំនួន៦៦គ្រឿង, កម្រិត ០.២៥ – ០.៣៩ mg/L ចំនួន២៨គ្រឿង, អ្នកបើកបរម៉ូតូ ចំនួន២១នាក់, អ្នកបើកបររថយន្ត ចំនួន០៧នាក់, កម្រិត ០.៤០ mg/L ឡើង ចំនួន៣៨គ្រឿង, អ្នកបើកបរម៉ូតូ ចំនួន២៤នាក់, អ្នកបើកបររថយន្ត ចំនួន១៤នាក់។
ទី២៖ បទល្មើសផ្សេងៗ ចំនួន៣៦គ្រឿង, អត់មួកសុវត្ថិភាព ចំនួន២១គ្រឿង, ម៉ូតូអត់កញ្ចក់មើលក្រោយ ចំនួន០១គ្រឿង, រថយន្តគ្មានប័ណ្ណបើកបរ ចំនួន០៤គ្រឿង, រថយន្តដឹកលើសចំណុះ ចំនួន០៨គ្រឿង, រថយន្តប័ណ្ណបើកបរខុសប្រភេទ ចំនួន០១គ្រឿង និងម៉ូតូមានសារធាតុញៀន ចំនួន០១គ្រឿង។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងថា «កម្លាំងសមត្ថកិច្ចជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានី បានចេញយុទ្ធនាការរឹតបន្តឹងច្បាប់ ត្រួតពិនិត្យជាតិអាល់កុល ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាប្រចាំដោយមិនលើកលែង»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។