មួយខែដំបូង ឆ្នាំនេះ! ពាណិជ្ជកម្មរវាងកម្ពុជា និងអន្តរជាតិ មានទឹកប្រាក់ជាង ៤ពាន់លានដុល្លារ កើនឡើងជិត១៧%
មួយខែដំបូងនៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញទំនិញមានទឹកប្រាក់ប្រមាណជិត ២ពាន់លានដុល្លារទៅកាន់បណ្តាប្រទេសដៃគូពាណិជ្ជកម្មសំខាន់ កើនឡើង ២៧% ដែលធ្វើឱ្យទំហំពាណិជ្ជកម្មរបស់កម្ពុជា ជាមួយនឹងទីផ្សារអន្តរជាតិកើនឡើងជិត ១៧%។ នេះយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ទិន្ននេះដដែលនេះបានបញ្ជាក់ថា ក្នុងខែមករា ឆ្នាំ២០២៤នេះ ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្តាដៃគូសំខាន់ មានទំហំទឹកប្រាក់ប្រមាណជាង ៤ពាន់លានដុល្លារ កើនឡើង១៦.៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះការនាំចេញរបស់កម្ពុជាមានតម្លៃ ១ ៩៦៧ លានដុល្លារ កើនឡើង២៧% ស្របពេលការនាំចូលមកវិញមានតម្លៃប្រមាណ ២ ០៩០លានដុល្លារ កើនឡើង ៨.៧%។
ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា គឺចិន ដែលសម្រេចបានទំហំពាណិជ្ជកម្មជាង ១.១ពាន់លានដុល្លារ កើនឡើង ១៨.៧% ដោយកម្ពុជានាំចេញទៅចិន ក្នុងតម្លៃ ១២១លានដុល្លារ កើនឡើង ៥០.១% ខណៈចិននាំចូលវិញក្នុងតម្លៃជាង ១ពាន់លានដុល្លារ កើនឡើង១៥.១%។
ជាមួយគ្នានេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមមានតំហំជាង ៦៧៧លានដុល្លារ កើនឡើង៤១.៥% ដោយកម្ពុជានាំចេញទៅវៀតណាម ក្នុងតម្លៃ៣៧៣លានដុល្លារ កើនឡើង ១១៦.៦% ខណៈវៀតណាមនាំចូលវិញក្នុងតម្លៃជាង ៣០៤លានដុល្លារ ថយចុះ០.៦%។
ចំណែក ការនាំចេញនាំចូលរវាងកម្ពុជា និងសហរដ្ឋអាមេរិកវិញ មានទំហំជាង ៦៤៤លានដុល្លារ កើនឡើង១០.៨% ដោយកម្ពុជានាំចេញទៅសហរដ្ឋអាមេរិក ក្នុងតម្លៃ ៦២៦លានដុល្លារ កើនឡើង ១១.៤% ខណៈសហរដ្ឋអាមេរិកនាំចូលវិញក្នុងតម្លៃជាង ១៧លានដុល្លារ ថយចុះ៨%។
រួមនឹងប្រទេសជាដៃគូរពាណិជ្ជកម្មសំខាន់ៗដទៃទៀត ដូចជាថៃ ជប៉ុន ឥណ្ឌូនេស៊ី កាណាដា សិង្ហបុរី អេស្ប៉ាញ ជាដើម៕
ប្រភព៖ Fresh News
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។