អ្នកស្រុក​កំពង់​ភ្លុក រៀបចំ​ពិធីបុណ្យ​ដាក់​ដំណាក់​ទឹក​ស្រក​

​នៅ​កំពង់​ភ្លុក មាន​ធ្វើបុណ្យ​ដាក់​ដំណាក់​ពីរដង​ក្នុង​មួយឆ្នាំ ពោលគឺ​«​បុណ្យ​ដាក់​ដំណាក់​ទឹក​ស្រក​»​ធ្វើ​ពេល​ខែ​ទឹកទន្លេ​ស្រក និង​«​បុណ្យ​ដាក់​ដំណាក់​ទឹក​ឡើង​»​ធ្វើ​នៅ​ខែ​ទន្លេ​ទឹក​ឡើង​។

​គេ​អាចធ្វើ​នៅ​ខែខ្នើត ឬ​ខែរនោច​ក៏បាន ឱ្យតែ​ថ្ងៃ​ឡើងរោង​ប៉ះចំ​ថ្ងៃ​សុក្រ និង​បញ្ជូន​នៅ​ថ្ងៃ​សៅរ៍​។ កាលបើ​រើស​ថ្ងៃ​សម្រាប់​ពិធី​ដាក់​ដំណាក់​ខែមាឃ​(​ដាក់​ដំណាក់​ខែ​ទឹក​ស្រក​)​ត្រូវ​នឹង​ខែកុម្ភៈ​បាន​ហើយ គេ​នឹង​រើសយក​ថ្ងៃ​ឆាន់​ភូមិ​នៅថ្ងៃនោះ​តែម្តង ដោយមាន​រយៈពេល​ពីរ​ថ្ងៃ​។ អ្នកស្រុក ក៏បាន​បញ្ចូល​បុណ្យ​ឡើង​មាឃ នៅក្នុង​ថ្ងៃនេះ​ដែរ ប៉ុន្តែ រយៈពេល​៣​ឆ្នាំ ទើប​គេ​រៀបចំ​ពិធី​នេះ​ម្តង​។

​បុណ្យ​ដាក់​ដំណាក់ ដែល​ធ្វើ​ក្នុងពេល​ខាងលើនេះ ពាក់ព័ន្ធ​នឹង​កម្ពស់​ទឹកទន្លេ​សាប បរិស្ថាន​ធម្មជាតិ ទិន្នផល​ត្រី និង​ការបញ្ចៀស​ជំងឺ​រាតត្បាត​ក្នុងភូមិ​។ ពោល គឺ​នៅ​ខែបុស្ស​-​មាឃ​ជា​ពេល​កំពុង​ពេញ​រកត្រី ខែចេត្រ ជា​ពេល​ទឹកទន្លេ​ស្រក​ខ្លាំង​។

​ពិធី​នេះ ដើរ​ស្រប​នឹង​វដ្ដ​ជីវិត​ត្រី​ផង និង​វដ្ដ​នៃ​ការនេសាទ​ផង​។ ក្នុងឆ្នាំនេះ អ្នកភូមិ​ដីក្រហម ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង នឹង​រៀបចំ​ធ្វើ​ពិធីបុណ្យ​ដាក់​ដំណាក់​ទឹក​ស្រក នៅ​រសៀល​ថ្ងៃទី​១៥ នឹង​ឆ្លង​នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២៤៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close